យោងតាមកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១២ មករា ឱ្យដឹងថា ក្រុមឈ្មោះ «បណ្តាញអ្នកស្នេហាជាតិថៃ» ឬក្រុមអាវលឿងនឹងប្រមូលផ្តុំគ្នាក្នុងទ្រង់ទ្រាយធំបំផុតមួយនៅថ្ងៃទី១៣ មករា ក្នុងបរិវេណទល់មុខវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក ដើម្បីជំរុញ និងទាមទារឱ្យរដ្ឋាភិបាលលោកអាប់ភីស៊ីត ឆ្លើយតបតាមការទាមទាររបស់ពួកគេទាក់ទិននឹងពលរដ្ឋថៃ៧នាក់ ដែលកំពុងជាប់ឃុំឃាំងក្នុងប្រទេសកម្ពុជា ។# ក្រុមជ្រុលនិយមសៀមនេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រមូលផ្តុំរបស់ពួកគេគឺធ្វើឡើងដើម្បីអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ី ត វ៉េចាជីវ៉ា លោកឧបនាយករដ្ឋមន្ត្រីស៊ូថេប ធឿកស៊ូបាន់ លោកប្រាវីត វង្សស៊ូវុន រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីក្រសួងការបរទេស ចុះចេញពីតំណែងដោយសារមិនបានព្យាយាម និងខិតខំប្រឹងប្រែងដើម្បីធានាឱ្យបានការដោះលែងពលរដ្ឋថៃ៧នាក់ដែលត្រូវចាប់ខ្លួនដ ោយទាហានកម្ពុជាកាលពីចុងខែធ្នូកន្លងមក ។#ការចាប់ខ្លួនជនជាតិសៀម៧នាក់ ក្នុងនោះម្នាក់ជាសមាជិកសភាគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចរបស់លោកអាប់ភីស៊ីត វ៉េចាជីវ៉ា និងម្នាក់ទៀតជាមេដឹកនាំបណ្តាញអ្នកស្នេហាជាតិថៃ លោកវីរ៉ា ស៊ុមខ្វាមឃីត ធ្វើឱ្យថៃជួបវិបត្តិផ្ទៃក្នុងធ្ងន់ធ្ងរជាថ្មីម្តងទៀត ។#បណ្តាញអ្នកស្នេហាជាតិថៃនោះក៏បានទាមទារឱ្យរដ្ឋាភិបាលលោកអាប់ភីស៊ីត ដាក់លិខិតមួយច្បាប់ជូនទៅអង្គការសហប្រជាជាតិឱ្យប្រើប្រាស់សិទ្ធិ Veto ចំពោះតុុលាការកម្ពុជាដោយអះអាងថា តុុលាការកម្ពុជាពុំមានសិទ្ធិអំណាចសំរេចប្រឆាំងពលរដ្ឋថៃទាំង៧នាក់នោះទេ ។#លោក Chaiwat Sinsuwong ជាសមាជិកសំខាន់មួយរូបរបស់បណ្តាញនេះនិយាយថា ប្រសិនបើរដ្ឋាភិបាលមិនធ្វើតាមការទាមទាររបស់ពួកគេទេ នោះពួកគេនឹងធ្វើការប្រមូលផ្តុំទ្រង់ទ្រាយធំទៀតនៅខេត្តស្រះកែវ ដើម្បីជំរុញឱ្យបិទប៉ុស្តិ៍ឆែកឆេរព្រំដែន ។ ជាមួយគ្នានេះ ក្រុមជ្រុលនិយមសៀមនេះអះអាងថា ខ្លួននឹងដាក់ជូនលិខិតមួយច្បាប់ទៅអង្គការសហប្រជាជាតិ និងដាក់លិខិតមួយច្បាប់ទៀតទៅការិយាល័យកាកបាទក្រហមអន្តរជាតិ ប្រចាំប្រទេសថៃស្នើឱ្យពិនិត្យមើលលើផលពិបាករបស់ពលរដ្ឋថៃ៧នាក់នោះ ដើម្បីទាមទារឱ្យការពារសិទ្ធិរបស់ពួកគេ ខណៈពេលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃ.ស ៕