ភ្នំពេញៈ ម៉ូតូមួយគ្រឿង ម៉ាកស្តេប ខណៈ កំពុងបើកបរ អស់សាំងខំប្រឹងធាក់ បញ្ឆេះត្រូវភ្លើង ឆាបឆេះ ពីខាងក្រោយ សន្ធោរសន្ធៅ បណ្តាលឲ្យខូចខាតទាំងស្រុង ហើយម្ចាស់ម៉ូតូ បានគេចខ្លួន បាត់ ពីកន្លែងកើតហេតុទុកម៉ូតូចោល ពោលគឺរត់ចោលម៉ូតូ ហើយមតិខ្លះនិយាយថា ម៉ូតូនេះត្រូវ ម្ចាស់វាដុតចោលព្រោះដោយ ខឹងអស់សាំងធាក់មិនឆេះ ណាមួយគេឃើញអ្នកបើកបរ មានសភាព ស្រវឹងស្រាជោគ បាត់បង់ម្ចាស់ការខ្លួនឯង បន្ទាប់ពីកើតហេតុនគរបាល ប៉ុស្តិ៍ចោមចៅទៅ យកឆ្អឹង ខ្មោចម៉ូតូនោះយកមករក្សាទុក។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២២ និង១០នាទី ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៣ស្ថិតនៅតាមបណ្តោយ ផ្លូវវ៉េងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលបានឲ្យដឹងថា ម៉ូតូដែលត្រូវភ្លើងឆេះនោះម៉ាកស្តេបពាក់ស្លាកលេខភ្នំពេញ 1S-2479 ត្រូវភ្លើងឆេះខ្ទេច ទាំងស្រុងតែម្តង ម្ចាស់ម៉ូតូពុំត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយបន្ទាប់ ពីកើតហេតុបានរត់ចោលម៉ូតូបាត់មិនដឹងទៅទីណា។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូ នេះដោយមានសភាពស្រវឹងស្រាជោគក្នុងទិសដៅពី ត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូនេះអស់សាំងរលត់ហើយអ្នកជិះខំប្រឹងធាក់បញ្ឆេះដើម្បីបន្តដំណើរ ប៉ុន្តែមិនព្រមឆេះ ទាល់តែសោះ។ លុះនៅពេលបន្តិចក្រោយមក បែរជាឆេះ ចេញអណ្តាតភ្លើងផ្នែកខាងក្រោយ ធ្វើ ឲ្យម្ចាស់ម៉ូតូភ័យស្លន់ស្លោក រកវិធីពន្លត់ភ្លើង ប៉ុន្តែដោយយប់ ស្ងាត់ម្នាក់ឯងផង នោះ រកអ្វីមិនបាន ក៏ត្រូវភ្លើងឆេះគ្មានសល់ រួចហើយម្ចាស់គេចខ្លួនបាត់តែម្តងទៅ។ ប្រជា ពលរដ្ឋខ្លះនិយាយផ្សេងគ្នាថា ម្ចាស់ម៉ូតូនេះស្រវឹងស្រាហើយខឹងនឹងម៉ូតូធាក់មិនឆេះក៏ដុតម៉ូតូចោលតែម្តង បន្ទាប់ពីដុតម៉ូតូចោល ហើយក៏ គេចខ្លួនបាត់ទៅ ។ក្រោយពេលកើតហេតុនគរបាលបានទៅយកខ្មោច ម៉ូតូនោះមករក្សាទុក នៅប៉ុស្តិ៍ចោមចៅ ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល