ព័ត៌មានអន្តរជាតិ ៖ ប្រទេសជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញពិភពលោកនូវកប៉ាល់ចំបាំងដ៏ធំជាងគេរបស់ខ្លួន ដែលមិនធ្លាប់មានពីមុនមក ចាប់តាំងពីសង្រ្គាមលោកលើកទីពីរនេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេសនាំមុខ CNN ។

ទីភ្នាក់ងារសារព័ត៌មានមួយនេះ បន្ថែមអោយដឹងថា កប៉ាល់ចំបាំងដ៏ធំជាងគេមួយនេះមានឈ្មោះថា Izumo មានសមត្ថភាពផ្ទុកឧទ្ធម្ភាគចក្រដល់ទៅ ១៤ គ្រឿង ខណៈពេលដែលវាប្រវែងបណ្តោយដល់ទៅជិត ២៥០ ម៉ែត្រ និងមានទម្ងន់ដល់ទៅ ១៩,៥០០ តោនឯណោះ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែម បន្ទាប់ពីបានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសនេះអោយដឹងថា កប៉ាល់ចំបាំងដ៏ធំជាងគេមួយនេះ ត្រូវបានសាងសង់ឡើងបន្ទាប់ពីចំណាយសាច់ប្រាក់ជាង ១ ពាន់លានដុល្លារ។

គួរបញ្ជាក់ផងដែរថាការដាក់តាំងបង្ហាញនូវកប៉ាល់ចំបាំងដ៏ធំជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុនលើកនេះ ត្រូវបានធ្វើឡើង ខណៈពេលដែលប្រទេសនេះក៏កំពុងតែមានបញ្ហាប្រឈម ក៏ដូចជាមានភាពតានតឹង ជាមួយនឹងប្រទេសចិន ទៅលើករណីដែនអធិបតេយ្យភាព ប្រជុំកោះ ដែលនៅក្នុងសមុទ្រភាគខាងត្បូងប្រទេសចិន។

គួររំឭកផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងជប៉ុន ក៏កំពុងតែមានបញ្ហាប្រឈមដាក់គ្នា ពោលគឺមានភាពតានតឹងតែម្តង ស្របពេលដែលប្រទេសទាំងពីរបានអះអាងថា ប្រជុំកោះមួយដែលស្ថិតនៅក្នុងសមុទ្រចិនភាគខាងត្បូង គឺជាកោះស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ។ ប្រជុំកោះមួយនោះ ចិនហៅថាDiaoyu និងប្រទេសជប៉ុនហៅថា Senkaku ។

ដោយឡែក ការដាក់តាំងបង្ហាញនូវកប៉ាល់ចំបាំងដ៏ធំជាងគេ កាលពីថ្ងៃអង្គាររបស់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានធ្វើឡើង ស្របជាមួយនឹងឱកាសនៃការរំលឹកខួបទី ៦៨ និង គោរពវិញ្ញាណក្ខ័ន្ធ អ្នកដែលបានស្លាប់ ក្នុងការទម្លាក់គ្រាប់បែក អាតូមិច របស់សហរដ្ឋអាមេរិក មកលើទីក្រុង Hiroshima ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ៕
ដោយ ៖ រិទ្ធីប្រភព ៖ CNN