មិកស៊ិកកូ ស៊ីធី៖ អាជ្ញាធរក្នុងតំបន់ បាននិយាយថា អ្នកទោសចំនួន ១១នាក់ រួមនឹងឆ្មាំពន្ធនាគារ ៦នាក់ផ្សេងទៀតបានស្លាប់ នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ នៅពេលប៉ូលិស ប្រចាំក្នុងពន្ធនាគារ បានព្យាយាមបញ្ឈប់ អ្នកទោសទំាងនោះ ក្នុងការហែកគុក ដែល ស្ថិតនៅភាគខាងជើងប្រទេស មិកស៊ិកកូ។

យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១២ថា ការប៉ះទង្គិចគ្នារវាងអ្នកទោស និង ប៉ូលិសពន្ធនាគារ គឺបានកើតឡើងនៅវេលាម៉ោង ៥ល្ងាច ក្នុងពន្ធនាគារមួយកន្លែង ក្នុងទីក្រុង ហ្គូមិស ប៉ាឡាស៊ីយូ រដ្ឋ ឌូរ៉ុងហ្គូ។ នេះបើតាមការលើកឡើង របស់មន្រ្តីក្រសួងសន្តិសុខ សាធារណៈរបស់រដ្ឋ។

នៅក្នុងការលើកឡើងនោះ បានបន្តថា ក្រុមអ្នកទោសបះបោរ បានបាញ់សំដៅមកលើប៉មយាម ក្នុងពន្ធនាគារ ហើយសំឡេង ប្រកាសអាសន្នក៏បន្លឺឡើងតែម្តង នៅពេលនោះដែរ ឆ្មំាពន្ធនាគារ ក៏បានបាញ់ត្រឡប់ទៅអ្នកទំាងនោះវិញ បន្ទាប់ពីអ្នកទោស ទំាងនោះព្យាយាមរត់ចេញ តាមរូងក្រោមដី។

ជាមួយគ្នានោះដែរ កងកម្លំាងមានសមត្ថកិច្ច ក៏ត្រូវបានគេបញ្ជូន ទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ ហើយស្ថានការណ៍ គឺកំពុងស្ថិតក្រោមការគ្រប់គ្រងផងដែរ ចំណែកមូលហេតុ ដែលនាំឲ្យមានការបះបោរ រត់ចេញពីពន្ធនាគារនេះ ក៏កំពុងតែ ស៊ើបអង្កេតផងដែរ៕

/

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល