(ភ្នំពេញ)៖ គ្រូបង្គោលក្រុមបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា បានសម្ដែងសេចក្ដីត្រេកអរក្រែលែង បន្ទាប់ពីកូនក្រុមខ្លួនបានយកឈ្នះក្រុមជម្រើសសាកលវិទ្យាល័យកូរ៉េខាងត្បូង Korea University Selection Team ដោយលទ្ធផល ២-១ ដើម្បីកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ BTV Cup 2016 ដែលកំពុងធ្វើឡើងនៅកីឡដ្ឋាន Binh Duong នៃប្រទេសវៀតណាម ។ជាមួយភាពជោគជ័យនេះលោក ប្រាក់ សុវណ្ណារ៉ា ក៏មិននឹកស្មានទទួលបានលទ្ធផលបែបនេះដែរ។

លោកនិយាយថា «យើងពិតជាសប្បាយហួសពីការស្មាន ពីយើងបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចទៅហើយ មានន័យថា យើងឈរលេខ១ ក្នុងពូល ដោយយោងតាមបទបញ្ជាប្រកួត បើសិនពិន្ទុស្មើគ្នា គឺគិតតាមរូបមន្ដ Hat To Hat តែ ២ក្រុមដែលយើងបានឈ្នះ ទោះបីឈ្នះក្រុមណាក៏ដោយ ក៏យើងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ»។

គួរបញ្ជាក់ថា កាលពីល្ងាចមិញនេះ ក្រុមបឹងកេតអង្គរ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្រុម Korea University Selection Team ដោយលទ្ធផល ២-១ ដែលធ្វើសម្រេចដោយកីឡាករ Dzarma Bata និង Oiboh Julius មុននឹងកីឡាករកូរ៉េខាងត្បូង Lee វាយបកបាន ១គ្រាប់នាចុងម៉ោង ។  នេះជាជ័យជម្នះលើកទី២ ក្នុងបេសកកម្មខាងលើរបស់ក្រុមបឹងកេត ខណៈប្រកួតទី១ ឈ្នះក្រុមម្ចាស់ផ្ទះ Becamex Binh Duong ដោយលទ្ធផល ២-០៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង