ប្រទេសកូរ៉េខាងជើងបានអំពាវនាវជាថ្មីម្តងទៀត កាលពីថ្ងៃទី៩ មករា ដល់កូរ៉េខាងត្បូងឱ្យឆ្លើយតបចំពោះសំណើបើកការចរចាអន្តរកូរ៉េឡើងវិញ ដោយបន្តថា ការចរចានោះគឺជាដំណើរការដែលសំដៅជំនះការលំបាកបច្ចុប្បន្នទាំងឡាយ ហើយបើកទៅរកដំណាក់កាលថ្មីមួយនៃការបង្រួបបង្រួមកូរ៉េ ។#លោកគីម យ៉ុងជីន ប្រធានគណៈកម្មាធិការអប់រំរបស់កូរ៉េខាងជើងគូសបញ្ជាក់ថា ទំនាក់ទំនងអន្តរកូរ៉េមានការស្រុតចុះខ្លាំងក្រោយឧប្បត្តិហេតុនៃការបាញ់តគ្នា ដោយកាំភ្លើងធំ ។ ក្នុងគោលបំណងធានាសន្តិភាពនៅឧបទ្វីបកូរ៉េ ភាគីទាំង២ត្រូវធ្វើការខិតខំប្រឹងប្រែងថែមទៀត ដើម្បីធ្វើឱ្យការមិនជឿទុកចិត្តគ្នា និងការប្រឈមមុខដាក់គ្នាត្រូវជំនួសដោយទំនុកចិត្ត និងការបង្រួបបង្រួម ហើយការចរចាគឺជាមធ្យោបាយតែមួយគត់ដែលអាចឈានទៅសំរេចនូវទិសដៅនេះ ។#ចំណែកលោកគីម វ៉ានស៊ូ នាយកនៃលេខាធិការដ្ឋានរបស់គណៈកម្មាធិការកណ្តាលរណសិរ្ស ដើម្បីការបង្រួបបង្រួមប្រជាធិបតេយ្យរបស់កូរ៉េវិញគូសបញ្ជាក់ថា ឧបទ្វីបកូរ៉េស្ថិតនៅមាត់ជ្រោះនៃសង្គ្រាម និងថាការចរចារវាងភាគីទាំង២គឺជាសំណុំរឿងបន្ទាន់មួយដែលត្រូវដោះស្រាយឱ្យបានឆាប់ ។ ភាគីទាំង២ត្រូវធ្វើការចរចាឡើងវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌជាមុន ពីព្រោះការចរចាគឺជាមធ្យោបាយដ៏ប្រសើរសំរាប់បន្ថយភាពតានតឹង កែលំអទំនាក់ទំនងអន្តរកូរ៉េ ហើយត្រួសត្រាយផ្លូវទៅរកការបង្រួបបង្រួម ៕