រោងចក្រគីមីយ៉ាងធំមួយនៅភាគខាងត្បូងទីក្រុង Rotterdam ប្រទេសហុល្លង់ត្រូវភ្លើងឆេះខ្ទេចកាលពីយប់ថ្ងៃទី៥ មករា កន្លងមក ប៉ុន្តែមិនបណ្តាលឱ្យមនុស្សស្លាប់ ឬរបួសឡើយ ។ គ្រោះអគ្គីភ័យឆេះរោងចក្រគីមីនោះបង្កឱ្យមានអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ បណ្តាលឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះ ។ គ្រោះអគ្គីភ័យយ៉ាងអាក្រក់នេះត្រូវគ្រប់គ្រងបានដោយអ្នកពន្លត់អគ្គីភ័យ១៥០នាក់ នៅវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី៥ មករា ដោយប្រើប្រាស់សាប៊ូគីមី ។#តំណាងម្នាក់របស់រោងចក្រនេះនិយាយថា ក្នុងគ្រោះអគ្គីភ័យនេះពុំបណ្តាលឱ្យមនុស្សស្លាប់ ឬរបួសឡើយ ប៉ុន្តែរោងចក្រត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ។#ក្នុងអំឡុងពេលកំពុងឆេះអាជ្ញាធរស្នើឱ្យពលរដ្ឋដែលរស់នៅក្បែររោងចក្រកុំចេញពីផ្ទះ ដើម្បីកុំឱ្យត្រូវផ្សែងភ្លើង ។ ទោះបីជាបែបណា គេនៅមិនទាន់ដឹងពីមូលហេតុនៃការឆេះរោងចក្រនេះនៅឡើយ ហើយអាជ្ញាធរកំពុងបើកការស៊ើបអង្កេត ៕