បាងកក៖ អតីតនាយករដ្ឋមន្រ្តី ថៃ លោក ថាក់ស៊ីន បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ ១០លានបាត សម្រាប់ ការចាប់ខ្លូនជនល្មើសម្នាក់ៗ ដែលបានដុតបំផ្លាញអគារ Central World នៅក្នុងទីក្រុងបាងកក និងស្នើឲ្យយោធា និង តម្រួតជួយផ្តល់ការពិត សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។
គេហទំព័រ INN របស់ថៃ នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៣ បានឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងភៀសខ្លួននៅបរទេស បានសរសេរនៅក្នុង Twitter ផ្ទាល់ខ្លួនថា នឹងផ្តល់ប្រាក់រង្វាន់ ១០លានបាត សម្រាប់សាធារណជន និង ស្ថាប័នមានសមត្ថកិច្ច ក្នុងការចាប់ខ្លួនជនល្មើសម្នាក់ៗ ដែលបានដុតផ្លាញ អគារ Central World នាអំឡុងខែឧសភា ឆ្នាំ២០១០ ក្រោមការបញ្ជាពីអតីតនាយករដ្ឋមន្រ្តីថៃ អាប់ភិស៊ីត វេចាជីវ៉ា។
ស្របពេលនៃការដុតបំផ្លាញអគារ Central World នោះ លោក អាប់ភិស៊ីត ក៏បញ្ជាឲ្យកម្លាំងយោធាបង្រ្កាបក្រុម បាតុករអាវក្រហម បណ្តាលឲ្យមនុស្សស្លាប់ ៩៩នាក់ និងជាង២ពាន់រងរបូស។ លើសពីនេះ រដ្ឋាភិបាលអាប់ភិស៊ីត បានចោទប្រកាន់ថា ក្រុមអាវក្រហម ជាភេរវករ បានដុតបំផ្លាញអគារ Central World ដែលនាំឲ្យសកម្មជនក្រុមអាវក្រហមជាប់ពន្ធនាគារ យ៉ាងអយុត្តិធម៌មកដល់ពេលបច្ចុប្បន្នថែមទៀតផង។
មិនត្រឹមតែប៉ុណ្ណោះលោក ថាក់ស៊ីន បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន រូមទាំង ស្ថាប័ន យោធា និង តម្រូតជួយស្វែងរកការពិត ក្នុងហេតុការណ៍អគ្គិភ័យ អគារ Centrol World ដែលការពិតនេះ មានឭសារៈសំខាន់សម្រាប់ប្រជាពល រដ្ឋថៃ ដែលបានរងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន របស់អតីតរដ្ឋាភិបាលអាមាត្យ ដែលមានអាប់ភិស៊ីត ជាតួតាំង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល