ញូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០១៣ នេះថា មនុស្សស្លាប់បានកើនឡើងដល់ ៥.០០០នាក់ហើយ ដោយសារតែទឹកជំនន់ ដែលវាយប្រហារនៅភាគខាងជើង ប្រទេសឥណ្ឌាកាលពីសប្តាហ៍មុននោះ។ នេះបើតាមការ អះអាងពីមន្ត្រីរដ្ឋបាល នៃរដ្ឋ អ៊ូតតារាខាន់ ប្រទេសឥណ្ឌា។
រដ្ឋមន្ត្រីគ្រប់គ្រង ពេលមានគ្រោះមហន្តរាយ លោក យ៉ាសផាល់ អារីយ៉ា បានប្រាប់សារព័ត៌មាន នានាថា “មនុស្សយ៉ាងហោចណាស់ ៥.០០០នាក់បានស្លាប់ នៅក្នុងទឹកជំនន់ដែលបានបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរទៅលើផ្ទៃដីដ៏ធំធេង ជាពិសេសនៅតាមតំបន់ជ្រលង គេដាណាត់។”ចំពោះក្រុមអ្នកសង្គ្រោះនឹងយោធា ត្រូវបានគេបញ្ជូនទៅកាន់ កន្លែងជួបគ្រោះអាសន្ននោះហើយ ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់គាំងមិនអាចទៅណាបាន នៅជ្រលង គេដាណាត់ ហើយក៏ជាទីតាំងនៃប្រាសាទសាសនាហិណ្ឌូ ដែលបានក្លាយទៅជាចំណុច កណ្តាលនៃទឹកជំនន់ផងដែរ។ ទឹកជំនន់ខាងលើនេះ ត្រូវបានប្រជាជនក្នុងតំបន់ និង អាជ្ញាធរ ចាត់ទុកថា ជារលកយក្សស៊ូណាមិ ហិម៉ាល័យ ដែលអាក្រក់បំផុត មិនធ្លាប់មាននោះទេ។
គួរបញ្ជាក់ថា នាយកដ្ឋានភូមិសាស្ត្រឥណ្ឌា បានព្រមានថា នឹងមានភ្លៀងធ្លាក់ក្នុងតំបន់បន្ថែមទៀត ចាប់ពីថ្ងៃចន្ទនេះតទៅ ស្របពេលដែលប្រជាជន ប្រមាណជា ១៩.០០០នាក់ផ្សេងទៀត កំពុងតែជាប់ខ្លួននៅតំបន់ ចំនួនបីក្នុងរដ្ឋ អ៊ូតតារាខាន់ ភាគខាងជើងប្រទេសឥណ្ឌា រង់ចាំការជួយសង្គ្រោះ៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល