កាលពីថ្ងៃម្សិលមិញ កូរ៉េខាងជើង បានប្រតិកម្មថ្កោលទោសលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកូរ៉េខាង ត្បូង ដែលបានប្រមាថដល់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់ប្រទេសនេះ ជាមួយនឹងព័ត៌មានចចាម អារាមថា រដ្ឋមន្រ្តីការពារជាតិ ត្រូវបានសម្លាប់។
អ្នកដឹកនាំកូរ៉េខាងជើង Kim Jong-un (ឆ្វេង) និងរដ្ឋមន្រ្តីការពារជាតិ Hyon Yong-chol នៅក្នុង ព្រឹត្តិការណ៍មួយកាលពីថ្ងៃទី ១៦ ខែកុម្ភះ នៅទីក្រុងព្យុងយ៉ាង (រូបភាព៖ CFP)
បើយោងតាមប្រភពព័ត៌មានពី WantChinaTimes កាលពីម្សិលមិញ គេហទំព័រព័ត៌មាន Uriminzokkiri របស់កូរ៉េខាងជើង បានធ្វើការរិះគន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថា កំពុងតែមានចេតនាប្រកាស សង្គ្រាមស្លាបប៉ាកាមួយ តាមរយះការរករឿងដល់ ថ្នាក់ដឹកនាំកូរ៉េខាងជើង។
គេហទំព័រខាងលើក៏បានធ្វើការផ្កោលទោសលោក Kim Moo-sung អ្នកតំណាងម្នាក់នៃបក្ស Saenuri ដែលជាបក្សកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង ដោយសារតែបាននិយាយថា ប្រព័ន្ធនយោបាយ របស់កូរ៉េខាងជើង កំពុងតែមានភាពរង្គោះរង្គើ (មិនស្ថិតស្ថេរ) ហើយទីក្រុងសេអ៊ូលត្រូវរៀបចំវិធាន ការជាបន្ទាន់ដើម្បី បង្រួបបង្រួមឧបទ្វីប។
តាមប្រភពព័ត៌មានពី Arirang News គេហទំព័រកូរ៉េខាងជើងខាងលើ ក៏បានស្នើសុំឲ្យកូរ៉េខាងត្បូង បញ្ឈប់នូវការប្រមាថសេចក្តីថ្លៃថ្នូរ និងប្រព័ន្ធរបស់ប្រទេសនេះ ទន្ទឹមនឹងនោះកូរ៉េខាងជើងក៏បាន ធ្វើការគំរាមថានឹងមានការវាយប្រហារដោយកំលាំងយោធា បើសិនជាបណ្តាសម្តីបង្កាច់បង្ខូច នៅតែ បន្តលេចចេញមកទៀត។ ជាក់ស្តែង គេហទំព័រកូរ៉េខាងជើងមួយនេះ មិនបានបញ្ជាក់ ឬច្រានចោល នូវព័ត៌មានស្តីពី ករណីបន្សុទ្ធកម្ម នេះទេ។ នេះគឺជាប្រតិកម្មលើកដំបូងគេ របស់កូរ៉េខាងជើង ក្នុង ស្ថានការ ដែលមនុស្សជាច្រើន នៅតែមានការសង្ស័យ លើការសន្និដ្ឋានរបស់ ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ ជាតិកូរ៉េខាងត្បូង (NIS)។
កាលពីសប្តាហ៍មុន NIS បានបញ្ចេញព័ត៌មានរស៊ើបមួយថា រដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងជើង លោក Hyon Yong-chol ត្រូវបានបន្សុទ្ធកម្ម ហើយមានព័ត៌មានសម្ងាត់មួយបានឲ្យដឹងថា លោកត្រូវ បានប្រហារជីវិត។ ប៉ុន្តែរឿងនេះ នៅមិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់លាស់នៅឡើយទេ។
បច្ចុប្បន្ននៅតែមានមតិយោបល់ចម្រូងចម្រាស់គ្នាជាច្រើន ស្តីពីភាពពិតប្រាកដត្រឹមត្រូវ ក្នុងការ វិភាគរបស់ NIS ដោយសារតែលោក Hyon នៅតែលេចចេញនៅក្នុងភាពយន្តឯកសារ លើប្រព័ន្ធ ផ្សព្វផ្សាយ រាប់ទាំងក្រោយពេលដែលកូរ៉េខាងត្បូង បាននិយាយថាលោកត្រូវបានសម្លាប់។ ជានិច្ច កាល កូរ៉េខាងជើងតែងតែលុបចោលនូវរូបភាព របស់បណ្តាមន្ត្រីដែលត្រូវបន្សុទ្ធកម្ម នៅលើសារព័ត៌ មាន និងទូរទស្សន៍៕
ប្រែសម្រួល៖ ករុណាប្រភព៖ Wantchinatimes, Vexpress