ក្រុមអ្នកអាវកាសឈានមុខនានាក្នុងវិស័យទេសចរណ៍អាវកាសកំពុងមានគម្រោងមួយដែលមានតម្លៃរាប់ពាន់ពាន់លានដុល្លារ ដើម្បីទាញយកធនធានធម្មជាតិនៅលើពិភពតូចៗដែលហោះហើរក្បែរផែនដី។

/

ដោយសារតែមានការព្រួយបារម្ភពីការខ្វះខាត ឬធនធាននៅលើផែនដីត្រូវអស់ ការទាញយកធនធានពីអាវកាសត្រូវបានគេគិតដល់ ដូច្នេះគម្រោងដែលមានឈ្មោះថា Planetary Resources ក៏បានកើតឡើង។ បណ្ដាភពតូចៗដែលហោះហើរក្បែរផែនដីនឹងក្លាយទៅជាប្រភពធនធានដ៏ធំដើម្បីផ្គត់ផ្គង់ដល់ការរស់នៅលើផែនដីរបស់មនុស្ស។

គម្រោងនេះទទួលបានខ្ទង់ប្រាក់ជំនួយយ៉ាងច្រើនពីក្រុមមហាសេដ្ឋី ក្នុងនោះមាន CEO Larry Page និងអគ្គនាយកប្រតិបត្តិ Eric Schmidt របស់ Google រួមជាមួយអ្នកដឹកនាំរឿងAvatar គឺលោក James Cameron ។

គម្រោងដែលហាក់ដូចជារឿងភាពយន្ដនេះត្រូវបានប្រកាសកាលពីថ្ងៃទី ១៧ កន្លងទៅ។យោងតាមប្រកាសនេះ ខ្ទង់ប្រាក់ដ៏ច្រើននោះនឹងត្រូវបានគេប្រើប្រាស់ក្នុងការសាងសង់ប្រព័ន្ធយានអាវកាស robot យន្ដអាវកាសធំគ្មានអ្នកបើកបរ។ ជំហានដំបូង ក្នុងអំឡុងពេលចាប់ពី ១៨ ទៅ ២៤ខែខាងមុខរបស់គម្រោងនេះនឹងចាប់ផ្ដើមសាងសង់ប្រព័ន្ធ Telescope Arkyd-100 ហោះហើរជុំវិញផែនដីដើម្បីស្វែងរកភពតូចៗសមស្របក្នុងការរុករកប្រភពធនធាន។

ក្នុងដំណាក់កាលបន្ទាប់មក ក្រុមហ៊ុន The Bellevue នៅ Washington នឹងត្រូវចំណាយប្រាក់ច្រើនថែមទៀតដើម្បីបង្កើតប្រភេទយានអាវកាសដែលមានលទ្ធភាពទាញយកលោហធាតុដូចជាមាស លោហធាតុពណ៌សក្នុងអាវកាស ក៏ដូចជាការនាំយកទឹក និងវត្ថុដែលអាចជួយដល់ការរស់នៅក្រៅផែនដី។ គម្រោងសាងសង់ស្ថានីយថាមពលអាវកាសនឹងត្រូវបានសាងសង់រួចរាល់នៅឆ្នាំ ២០២០។

គម្រោង Planetary Resources ​នេះត្រូវបាន Diamandis និង Anderson គិតដល់ និងបានលើកឡើងកាលពីឆ្នាំ ២០០៩ ប៉ុន្ដែព័ត៌មានដំបូងនៃគម្រោងនេះទើបតែត្រូវបានប្រកាសក្នុងសន្និសីតកាសែតមួយនៅ Seattle ​កាលពីថ្ងៃទី ២៤ មេសា។

/

យោងតាមគម្រោងនេះ គេនឹងអាចទាញយកធនធានពីភពតូចៗបានយ៉ាងច្រើន។ ឧទាហរណ៍ ដូចជា ភពតូចមួយមានទំហំ ៥០០ម ដែលត្រូវបានបង្កើតឡើងទាំងស្រុងដោយលោហធាតុពណ៌ស នឹងមានតម្លៃស្មើនឹងវត្ថុធាតុប្រហាក់ប្រហែលសរុបដែលត្រូវបានគេទាញយក តាំងពីដើមរៀងមកនៅលើផែនដី។ បច្ចុប្បន្ន មានភពមួយដែលមានទំហំ ៨០ម ស្ថិតនៅក្បែរផែនដី មានតម្លៃរហូតដល់ ១០០ពាន់លានដុល្លារអាមេរិក៕

ដោយ ៖ សូរីយ៉ាប្រភព ៖ telegraph