ក្រុមអ្នកស្រាវជ្រាវផ្នែកអវកាស បានរកឃើញ និងកំណត់ថា ភព KOI 172.02 ដែលវិលជុំវិញព្រះអាទិត្យរបស់វា គឺជាភពដែលមានលក្ខណៈដូចបំផុតទៅនឹងភពផែនដីរបស់យើង។
ទំព័រ Space ឱ្យដឹងថា ជាងមួយសប្ដាហ៍បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ដ្រអន្ដរជាតិប្រកាសថានឹងរកឃើញភពដែលដូចផែនដី កែវយឹតអវកាស Kepler របស់ NASA ក៏បានរកឃើញភពមួយដ៏មានតម្លៃ គឺភព KOI 172.02 ដោយសារតែវា ដូចផែនដីបំផុត មិនធ្លាប់មានពីមុនមក។
ភព KOI 172.02 អាចនឹងមានជីវិតរស់នៅ
ភាពខុសគ្នារវាង KOI 172.02 និងផែនដី គឺមានតិចជាងការគិត។ ពាក់កណ្ដាលអង្កត់ផ្ចិតរបស់ KOI 172.02 ធំជាងផែនដីប្រហែល ៥០% ហើយវាវិលជុំវិញផ្កាយមេរបស់វា ដែលដូចនឹងព្រះអាទិត្យរបស់យើង។ គំលាតរវាង KOI 172.02 និងផ្កាយមេរបស់វា ប្រហែល ៣/៤ នៃគំលាតរបស់ផែនដី និងព្រះអាទិត្យ មានន័យថា ជីវិតអាចនឹងមាននៅលើភពនេះ។ មួយឆ្នាំរបស់ KOI 172.02 មានរយៈពេល ២៤២ថ្ងៃ ដូច្នេះ វាស្ថិតនៅជិតផ្កាយមេរបស់វា ជាងផែន និងព្រះអាទិត្យ។ ទោះជាយ៉ាងនេះក្ដី វានៅតែមានបរិយាកាសល្អសម្រាប់ការរស់នៅ។
លទ្ធផលនៃការវិភាគទិន្នន័យរបស់កែវយឹត Kepler បង្ហាញថា ភព KOI 172.02 មិនមែនជាភពថ្មនោះទេ ហើយទឹកអាចនឹងមានច្រើននៅទីនោះ។ លោក Livio ថ្លែងថា ៖ យើងប្រហែលជាមិនអាចរកឃើញសត្វមានជីវិតនៅលើគោក ប៉ុន្ដែយើងអាចនឹងរកឃើញត្រី ដែលមានភាពឆ្លាយវៃ នៅក្នងមហាសមុទ្រ។គួររំលឹកថា កាលពីមុននេះ ក្រុមអ្នកវិទ្យាសាស្ដ្របានប្រកាសថា នៅក្នុងគន្លងដំរីស (Milky Way) មានភពដល់ទៅ ១៧ពាន់លាន ដែលមានទំហំប្រហាក់ប្រហែលនឹងផែនដី ដូច្នេះ ក្នុងចំណោមនោះ អាចមានជីវិតរស់នៅក្នុងភពណាមួយមិនខាន។
ដោយ ៖ សីហាប្រភព ៖ EV