កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ កងរាជអាវុធហត្ថខណ្ឌមានជ័យ បានរៀបចំប្រមូលផ្តុំកម្លាំង ដើម្បីត្រៀមខ្លួនការពារក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។លោក មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ សៀង ឆាយ បានមានប្រសាសន៍ថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននេះ កម្លាំងរបស់លោកមានចំនួន ៣០នាក់ និងមានសហការណ៍ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានចំនួន ៤០នាក់។
កម្លាំងនគរបាលខណ្ឌ មានជ័យ
កម្លាំងទាំងអស់ខាងលើ នឹងត្រូវបានដាក់ពង្រាយអោយឈរនៅតាមគោលដៅសំខាន់ៗ ដែលចាប់ពីចំណុចវិមានឯករាជ្យ រហូតដល់ស្តុបបូកគោ។ កងកម្លាំងនេះដែរនឹងត្រូវបានដឹកនាំដោយលោក ឌឿក សាមៀន មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានភារកិច្ចបញ្ជា និងដឹកនាំកម្លាំង ការពារនៅលើកំណាត់ផ្លូវពីចំណុចវិមានឯករាជ្យ រហូតដល់ស្តុបបូកគោនេះ។
គួរបញ្ជាក់ថា កងកម្លាំងទាំងអស់នេះ នឹងត្រូវបានដាក់ពង្រាយប្ដូរវេនគ្នាយាមកាមយ៉ាងតឹងរ៉ឹង ២៤ម៉ោងលើ ២៤ម៉ោង ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ខាងមុខ។
កងនគរបាលខេត្រ កំពង់ចាម
ចំណែកនៅឯខេត្រ កំពង់ចាម ឯណោះវិញ ក៏បានរៀបចំផែនការយ៉ាង ច្បាស់លាស់និងហ្មត់ចត់បំផុត ស្ដីពីកិច្ច ការពាររក្សាសន្ដិសុខ សណ្ដាប់ធ្នាប់និង សុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ាន។ ប្រភពព័ត៌មាន បានអោយដឹងថា កម្លាំងប្រចាំការក្នុង ១វេននៅស្នងការដ្ឋាននគរបាលខេត្ដនេះ គឺមានចំនួនសរុប១៧០នាក់ មានឯកសណ្ឋាន ត្រឹមត្រូវ និងមធ្យោបាយគ្រប់គ្រាន់ ពេលចេញប្រតិបត្ដិការ៕
ដោយ ៖ សីហា