កណ្តាលៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកដែកសសៃវាយក្បាល ជនរងគ្រោះ២នាក់ បណ្តាលឲ្យ រងរបួសយ៉ាងដំណំ ដោយសារតែពាក្យថា ដូរមិនដូរ ត្រូវនគរបាលឃាត់ខ្លួនជនដៃដល់ និងកសាងសំណុំ រឿងចាត់ការទៅតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ និង០០នាទីល្ងាច ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

បើយោងតាម របាយការណ៍នគរបាល ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ វ៉ន ម៉ៅ ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរជាកសិករ ទី២-មានឈ្មោះ ឃាល ណុប ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរ ជាកសិករ រងរបួសលើថ្ងាសមួយកន្លែង ។ ចំណែកឯជនសង្ស័យវិញ មានឈ្មោះ ក្តាម ចំរ៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរជាកសិករ អ្នកទាំង៣រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើជាមួយគ្នា។

របាយការណ៍ដដែលបានបន្តថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ជនសង្ស័យបានទៅឈរស្រែកនៅ ខាងមុខផ្ទះជនរងគ្រោះឈ្មោះ ឃាល ណុប ដោយស្រែកថា ដូរមិនដូរ ពេលនោះជនរងគ្រោះ បានឃាត់ ដោយយកដៃរុញស្មាជនសង្ស័យជាច្រើនដង ឲ្យវិលត្រឡប់ទៅផ្ទះវិញ ។ ជនសង្ស័យក៏បានដើរត្រឡប់ទៅ ផ្ទះវិញបាត់ ។ លុះដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ៤ល្ងាចជនរងគ្រោះឈ្មោះ វ៉ន ម៉ៅ ទៅ អង្គុយនៅខាងក្រោយផ្ទះ ឃាល ណុប ជាមួយគ្នាក្នុងគោលបំណងបបួលគ្នាទៅមើល ស្របពេលនោះ ជន សង្ស័យក៏បានដើរមក ដោយដៃកាន់ដែកសសៃមួយដើម ប្រវែង ៣៨សង់ទីម៉ែត្រ ដោយដើរបណ្តើរស្រែក បណ្តើរថា ដូរមិនដូរជាច្រើនដង រួចហើយក៏ចូលទៅវាយឈ្មោះ ឃាល ណុប មួយដែកសសៃនោះបណ្តាល ឲ្យរងរបួសធ្ងន់ ចំណែកឯឈ្មោះ វ៉ន ម៉ៅ ឃើញដូច្នេះក៏ស្ទុះចូលទៅជួយត្រូវជនសង្ស័យ វាយចំក្បាល ១ ដែកសសៃនោះទៀត ។

ប្រភពបានបន្តថា ជនសង្ស័យបន្ទាប់ពីវាយជនរងគ្រោះទាំង២នាក់រួចហើយ បែរជាស្រែកថា ជួយផងៗ ពេលនោះអ្នកផ្ទះបានបើកភ្លើងបំភ្លឺ រួចហើយក៏នាំគ្នាចាប់ជនសង្ស័យបញ្ជូនទៅផ្ទះលោកមេភូមិរួចក៏ប្រគល់ ទៅឲ្យនគរបាលដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាន ចាត់ការទៅតាម ផ្លូវច្បាប់ ៕

width=500

width=500

ដោយ៖​ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល