បន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់ បានអះអាងថា ភរិយា របស់ខ្លួន ត្រូវជនជាតិថៃជិត២០នាក់ ចាប់រំលោភ និង សម្លាប់ ព្រមទាំងកាត់ដៃកាត់ជើងយ៉ាងសាហាវព្រៃផ្សៃបំផុត ខណៈពួកគេទៅស៊ីឈ្នួលធ្វើការជា កម្មករនៅរោង ចក្រធ្វើខ្នងកង់ម៉ូតូ ក្នុងស្រុកមហាឆៃ ខេត្តសមុទ្រសាខន ប្រទេសថៃ។ ពលកររូបនេះ ក៏បាននិងកំពុងស្វែងរក ជំនួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា និងអង្គការសង្គមស៊ីវិលនានា ដើម្បីរកយុត្តិធម៌ជូនរូបគេ និងភរិយា ដែលស្លាប់ ទៅនោះ។

លោក បែ សុរ៉េត អាយុ ២៧ឆ្នាំ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា ប្រពន្ធរបស់គាត់ ឈ្មោះ ស្រីនី អាយុ២១ឆ្នាំ ត្រូវជនជាតិថៃជិត២០នាក់ បានចាប់រំលោភ ហើយសម្លាប់។

លោក បែ សុរ៉េត បានឲ្យដឹងថា រូបលោក និងប្រពន្ធបានឆ្លងដែនទៅធ្វើការនៅស្រុកថៃ ជាងមួយឆ្នាំហើយ លុះ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ ខណៈដែលលោក និងប្រពន្ធបានទៅធ្វើការដូចសព្វដង។ លុះដល់ម៉ោង១០ព្រឹក ប្រពន្ធរបស់លោកមានអាការៈមិនស្រួលខ្លួន ក៏បានទៅសម្រាកឯបន្ទប់ស្នាក់នៅ ពេលដើរ បានពាក់កណ្តាលផ្លូវ ស្រាប់តែមានជនជាតិថៃជិត ២០នាក់ បានចាប់ប្រពន្ធរបស់លោករំលោភ និងបានចាប់កាត់ដៃកាត់ជើង ឲ្យខ្លួន មើលទៀត។

ពលករអភ័ព្ទរូបនេះបានបន្តថា ក្រោយពេលកើតហេតុភ្លាមៗ លោកបានរត់ទៅហៅគេ ឯងឲ្យជួយតែត្រូវពួកជន ជាតិថៃទាំងនោះ គំរាមសម្លាប់ មិនត្រឹមតែប៉ុណ្ណោះពួកវាបានយក ថ្នាំញៀនទៅចូលបន្ទប់ស្នាក់នៅរបស់ជនរង គ្រោះ និងបានប្តឹងឲ្យប៉ូលីសដេញចាប់ តែលោកបានរត់ទៅលាក់ខ្លួនក្នុងស្រះទឹកអស់មួយយប់មួយថ្ងៃ ទើបឡើង មករកសពប្រពន្ធតែត្រូវពួកជនជាតិថៃញាត់ចូលក្នុងលូទឹក ធ្វើឲ្យខ្លួនមិនអាចនាំយកសពមកធ្វើបុណ្យនៅស្រុក កំណើតបានឡើយ។

លោក បែ សារ៉េត បានបន្តថា កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ ពេលលោកស្វែងរកគេឯង និងសមត្ថកិច្ចកុង ស៊ុលកម្ពុជានៅស្រុកថៃឲ្យជួយ ក៏គ្មាននរណាជួយដែរ ព្រោះគ្មាននរណាជឿលោកឡើយ លោកក៏សម្រេចចិត្តមក ប្រទេសកម្ពុជាវិញ ដើម្បីសុំឲ្យអាជ្ញាធរកម្ពុជា ជួយអន្តរាគមន៍យកសពប្រពន្ធខ្លួនមកធ្វើបុណ្យនៅស្រុកកំណើត។

នៅថ្ងៃទី០៥ ខែកុម្ភះ នេះគេបានឃើញជនរងគ្រោះបានស្វែងរកជួបជាមួយអ្នកកាសែតក្នុងស្រុក និងបានទៅប្តឹង សមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ នៃច្រកទ្វាអន្តរជាតិផងដែរ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល