ប្រទេសកូរ៉េខាងជើងបានព្រមានថា ខ្លួនអាចនឹងធ្វើតេស្ដគ្រាប់បែកអ៊ីដ្រូសែនមួយគ្រាប់ នៅមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោកប្រធានាធិបតី Trump ថា នឹងបំផ្លាញទាំងស្រុង នូវប្រទេសទុច្ចរិតនេះ។ ការអត្ថាធិប្បាយរបស់រដ្ឋមន្រ្តីក្រសួងការបរទេស លោក Ri Yong Ho បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា លោកត្រាំ នឹងត្រូវរងការឈឺចាប់ ចំពោះសុន្ទរកថារបស់លោក នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។

/

លោក គីម បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយថា៖ អាកប្បកិរិយាឆ្កួតឡប់របស់ប្រធានាធិបតីអាមេរិក ដោយបានសម្តែងយ៉ាងបើកចំហ នៅលើឆាកអង្គការសហប្រជាជាតិ ដែលជាឆន្ទៈគ្មានសីលធម៌ក្នុងការ បំផ្លាញទាំងស្រុងនូវរដ្ឋអធិបតេយ្យមួយនេះ ... ធ្វើឱ្យសូម្បីតែមនុស្ស ដែលមានបញ្ញាធម្មតា អាចគិតអំពីឆន្ទានុសិទិ្ធរបស់រដ្ឋ និងភាពអត់ធ្មត់”។

លោក Trump ក៏បានទះកំផ្លៀងទីក្រុងព្យុងយ៉ាង តាមរយៈការវាយប្រហារផ្នែកសេដ្ឋកិច្ចមួយផ្សេងទៀតផងដែរ  ពោលគឺការចុះហត្ថលេខាលើបទបញ្ជាមួយ ដោយមានគោលដៅចំពោះប្រទេស ដែលកំពុងធ្វើពាណិជ្ជកម្ម ជាមួយកូរ៉េខាងជើង។ លោក Trump បានចុះហត្ថលេខាលើបទបញ្ជានោះ នៅថ្ងៃទី ៤ របស់លោក និងថ្ងៃចុងក្រោយនៃកិច្ចប្រជុំ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ជាកន្លែង ដែលលោកបានប្រាប់ពួកអ្នកការទូតមកពី ១៩៣ ប្រទេសថា លោកត្រៀមខ្លួននឹង«បំផ្លាញទាំងស្រុង» នូវប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ នៅតែបន្ដគំរាមកំហែង ដោយមីស៊ីលរបស់ខ្លួនទៀត។

នៅទីបំផុត លោកត្រាំមិនបានប្រកាសអំពីសកម្មភាពយោធាណាមួយទេ ប៉ុន្តែបានជំនួសមកវិញនូវការដាក់ទណ្ឌកម្មយ៉ាងខ្លាំងបំផុតមួយចំនួន ទៅលើអាណាចក្ររបស់លោក គីម ។ បទបញ្ជាថ្មីនេះ អនុញ្ញាតឱ្យសហរដ្ឋអាមេរិក អាចដាក់បញ្ជីខ្មៅលើមនុស្ស និងក្រុមហ៊ុន ដែលធ្វើអាជីវកម្មជាមួយកូរ៉េខាងជើង រួមទាំងការដឹកជញ្ជូន និងពាណិជ្ជកម្មផងដែរ ៕  

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ nydailynews