iPhone 6 គឺជាសមាជិកថ្មីបំផុត ក្នុងគ្រួសរ iPhone ហើយវានឹងបង្ហាញខ្លួន នៅខែកញ្ញា ឆ្នាំនេះ។ អ្នកអត្ថបទនេះ អ្នកនឹងបានឃើញសមាជិកទាំងថ្មី ទាំងចាស់ នៃមហាគ្រួសារ iPhone ។


ថ្មីៗនេះ Sonny Dickson (អ្នកជំនាញខាងបញ្ចេញព័ត៌មានបែកធ្លាយ អំពីផលិតផលរបស់ Apple) បានបញ្ចេញកម្រងរូបថត ប្រមូលផ្ដុំទៅដោយសមាជិក ក្នុងមហាគ្រួសារ iPhone ចាប់តាំងពីម៉ូដែល iPhone 2G ដំបូងគេបង្អស់ ដែលត្រូវបានក្រុមហ៊ុន Apple ដាក់លក់ក្នុងទីផ្សារ នាឆ្នាំ ២០០៧។ ប្រសិនគេគិតរួមទាំង iPhone 6 ដែលនឹងមានវត្តមានក្នុងខែកញ្ញាខាងមុខ នោះ គ្រួសារ iPhone ទាំងមូល មានសមាជិក ដល់ទៅ ៩ “រូប” ។


កម្រងរូបថតនេះ បង្ហាញនូវវត្តមាននៃបណ្ដាផលិតផល ដែលធ្លាប់ជួយឱ្យ Apple ល្បីឈ្មោះ ជាងគេ ដូចជា iPhone 2G, iPhone 3G, iPhone 3GS, iPhone 4, iPhone 4S រហូតដល់ស្មាតហ្វូន iPhone 5, iPhone 5C និង iPhone 5S ហើយពិសេសជាងគេ គឺ ការបង្ហាញខ្លួនរបស់ “កូនពៅ” iPhone 6 បើទោះជាមិនទាន់មានការទទួលស្គាល់ជាផ្លូវការពី Apple អំពីវត្តមាននៃស្មាតហ្វូន ចុងក្រោយនេះ។


រូបភាពទាំងនេះទៀតសោត ក៏បានបង្ហាញនូវការប្រៀបធៀបគ្នា រវាងបណ្ដាជំនាន់ iPhone និមួយៗ ក្នុងនោះ គេឃើញថា “រលកក្រោយ តែងតែច្រានរលកមុខ” ដោយសារថា បណ្ដា iPhone ថ្មីជាង នឹងមានសភាពល្អជាង និងធំជាង បណ្ដា iPhone ជំនាន់ចាស់។



ក្រៅតែអំពីបណ្ដារូបភាពដ៏ស្រស់ស្អាត របស់ផលិតផលទាំង ៩ ខាងលើ យើងក៏បានឃើញនូវដំណើរការ និងដំណាក់កាលនៃការអភិវឌ្ឍរយៈទូរស័ព្ទឆ្លាតវៃរបស់ Apple ក៏ដូចជាការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាពិភពលោក ក្នុងដំណាក់កាលនិមួយៗ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena/Bgr