Isabel dos Santos កូនស្រីច្បងរបស់ប្រធានាធិបតី Angola លោក  Jose Eduardo dos Santos ត្រូវបានទស្សនាវដ្ដី Forbes លើកតម្កើងថាជាមហាសេដ្ឋីនីដំបូងរបស់ទ្វីបអាហ្វ្រិក  ជាមួយនឹងទ្រព្យសម្បត្ដិយ៉ាងតិច ២ពាន់លានដុល្លារអាមេរិក។ Santos គឺជាទារកដំបូងដែលបានកើតនៅក្នុងភូមិគ្រឹះប្រធានាធិបតី Angola ។ ជីវភាពរបស់គ្រួសារនាង គឺរស់ទៅតាមស្ដង់ដារបស់មេផ្ដាច់ការអាហ្វ្រិក។ ក្រោយពីពុកម្ដាយបានលែងលះគ្នា នាងក៏បានទៅរស់នៅជាមួយម្ដាយរបស់ខ្លួន។

/នាង Isabel dos Santos ឆ្នាំនេះ មានអាយុ ៤០ឆ្នាំ ធ្លាប់ទទួលបានបរិយញ្ញាបត្រផ្នែកសិល្បៈ និងវិទ្យាសាស្ដ្ររបស់សកលវិទ្យាល័យ King នៅ London ប្រទេសអង់គ្លេស នៅមុនពេលចាប់ផ្ដើមធ្វើជំនួញ។ Isabel dos Santos បានផ្ដើមការរកស៊ីរបស់ខ្លួនចាប់ពីឆ្នាំ ១៩៩៧ នៅ Luanda (អង់ហ្គោឡា) ដោយការបង្កើតភោជនិយដ្ឋានមួយ មានឈ្មោះថា Miami Beach ដែលកាលណោះទើបមានអាយុ ២៤ឆ្នាំ។ Isabel dos Santos ធ្លាប់ធ្វើជាសមាជិកគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនជាច្រើននៅ អង់ហ្គោឡា និង អេស្ប៉ាញផងដែរ។ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Isabel dos Santos បានបង្កើនការទិញភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួននៅព័រទុយហ្គាល់ ក្នុងនោះក៏មានធនាគារ និងក្រុមហ៊ុនទូរទស្សន៍ខ្សែកាប។ កាលពីខែឧសភា ឆ្នាំ ២០១២ ភាគហ៊ុនរបស់ Isabel dos Santos  នៅក្នុងក្រុមហ៊ុន  ZON Multimedia (ក្រុមហ៊ុនទូរទស្សន៍ខ្សែកាបធំបំផុតនៅព័រទុយហ្គាល់)  ត្រូវបានគេជឿថា  បានកើន ពី ៤,៩% ឡើងដល់ ១៤,៩% ។ ក្រោយមក ភាគហ៊ុននេះ បានកើនឡើង ២៨,៨% តាមរយៈក្រុមហ៊ុន Kento និង Jadeium ដែលខ្លួនកំពុងគ្រប់គ្រង។ ទ្រព្យសម្បត្តិរបស់ Isabel dos Santos ក្នុងពេលនោះ គឺ ៣៨៥លានដុល្លារ។កូនស្រីរបស់ប្រធានាធិបតី អង់ហ្គោឡា រូបនេះ ក៏មានភាគហ៊ុន ១៩,៥% នៅ Banco BPI ដែលជាធនាគារធំបំផុតមួយ នៅប្រទេសព័រទុយហ្គាល។ ភាគហ៊ុននេះត្រូវបានកំណត់តម្លៃ ៤៦៥លានដុល្លារ។ នៅ អង់ហ្គោឡា Isabel dos Santos ត្រូវបានប្រកាសថា កំពុងកាន់កាប់ភាគហ៊ុន ២៥% នៅ Banco BIC ដែលមានតម្លៃស្មើនឹង ១៦០លានដុល្លារអាមេរិក។ ប្រភពមួយចំនួន បានឱ្យដឹងថា Isabel dos Santos ក៏ជាសមាជិកម្នាក់របស់គណៈគ្រប់គ្រងរបស់ Unitel ដែលជាក្រុមហ៊ុន​មួយ​ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាប្រព័ន្ធទូរស័ព្ទធំៗពីរនៃប្រទេសនេះ ដោយគាត់កាន់កាប់ភាគហ៊ុនដល់ទៅ ២៥% ។ យោងតាមការឱ្យដឹងពីក្រុមអ្នកជំនាញការផ្នែកទូរគមនាគមន៍ ភាគហ៊ុននេះ មានតម្លៃយ៉ាងតិច ស្មើនឹង ១ពាន់លានដុល្លារអាមេរិក។

/ព័ត៌មានផ្ទាល់ខ្លួនខ្លះៗរបស់ Isabel dos Santos នៅលើទំព័រ Forbes

មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា Dos Santos គឺជាមនុស្សម្នាក់ដែលមិនសូវជាក្លាហានប៉ុន្មាននៅចំពោះមុខសាធារណជន បើទោះខ្លួនជាអ្នកជោគជ័យក្នុងកិច្ចការជំនួញ។ថ្មីៗនេះ Dos Santos ទើបតែបានប្រារព្ធពិធីខួប១០ឆ្នាំនៃអាពាហ៍ពិពាហ៍របស់ខ្លួន ជាមួយអ្នកស្រាវជ្រាវសិល្បៈ ម្នាក់ គឺលោក Sindika Dokolo ។ ភាពថ្លៃថ្នូរបស់ពិធីជប់លៀង មិនត្រូវបានស្ដែងចេញតាមរយៈម្ហូបអាហារនៅលើតុនោះទេ ប៉ុន្ដែតាមរយៈភ្ញៀវកិត្តិយស។ ពិធីជប់លៀងដែលមានរយៈពេល ៣ថ្ងៃនេះ មានការចូលរួមពីសាច់ញាតិរាប់សិបនាក់ រួមនឹងមិត្តភ័ក្ដិមកពីអាល្លឺម៉ង់ ប្រេហ្សីល និងភ្ញៀវកិត្ដិយសជាច្រើនដែលមានមុខមាត់ក្នុងសង្គមផងដែរ៕

ដោយ ៖ តារាប្រភព ៖ Forbes/CB