ស្នេហាបានក្លាយជាប្រការមួយ និងស្ថានភាពមួយរបស់មនោសញ្ចេតនាដែលពិបាកបកស្រាយបំផុតរបស់មនុស្សលោក ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្ដ្រ និងអ្នកជំនាញការកំពូលៗជាច្រើននៅសាកលវិទ្យាល័យ Rutgers(អាមេរិក) បានរកឃើញប្រការចម្លែកៗដែលធ្វើអោយខួរក្បាលរបស់មនុស្សកំពុងមានស្នេហា ខុសប្លែកពីអ្នកមិនមានស្នេហា។ ខាងក្រោមនេះគឺជាប្រការទាំង ១២ ដែលអ្នកគួរតែស្វែងយល់!
១. នាង/គាត់ពិតជាពិសេស
/
មនុស្សដែលអ្នកស្រឡាញ់ តែងតែជាអ្នកពិសេសបំផុត។ នេះជាការជឿជាក់ប្រកបដោយភាពដាច់ខាត ហើយវានឹងត្រូវគុនទ្វេដងដោយអារម្មណ៍ដែលដឹងថា ពុំមានអ្នកណាល្អជាងនេះ បើទោះជាមានបវរកញ្ញាពិភពលោកកំពុងនៅចំពោះមុខអ្នកក៏ដោយ។ អ្នកស្រាវជ្រាវ Fisher រួមជាមួយនឹងសហការីរបស់ខ្លួន បានរកឃើញនូវប្រការខាងលើនេះ ថាកើតឡើងដោយសារតែ dopamine ដែលជាអ័រម៉ូនមួយជួយលើកកំពស់ការផ្ដោតអារម្មណ៍របស់ខួរក្បាល។
២. គាត់/នាងជាមនុស្សគ្មានទាស់ត្រង់ណា
/
នេះប្រហែលជាឃ្លាដែលអ្នកមានស្នេហាតែងនិយាយ មានន័យថា ក្នុងកែវភ្នែករបស់អ្នក មនុស្សដែលអ្នកស្រឡាញ់គឺស្រស់ស្អាតបំផុត ចរិតល្អបំផុត។ល។ ហើយអ្នកតែងមិននិយាយដល់នូវចំណុចអាក្រក់របស់ភាគីដែលអ្នកស្រឡាញ់។ អ្នកកំពុងមានស្នេហាតែងផ្ដោតអារម្មណ៍ទៅលើតែព្រឹតិការណ៍ណាដែលជាប់ទាក់ទិន ឬប្រហាក់ប្រហែលនឹងរឿងស្នេហារបស់ខ្លួន បើទោះវាជារឿងសាមញ្ញក៏ដោយ។ ប្រការនេះក៏កើតឡើងដោយសារឥទ្ធិពលរបស់ dopamine ​។ ទន្ទឹមនឹងនេះ វាក៏ដោយសារការប្រែប្រួលរបស់ norepinephrine ​នៅសរសៃប្រសាទកណ្ដាល(ដែលជាអ័រម៉ូនជួយបង្កើនការចងចាំរបស់ខួរក្បាល)។
៣. ការផ្លាស់ប្ដូរផ្លូវចិត្ត
/
អ្នកមានស្នេហាអាចក្លាយទៅជាមនុស្សមួយផ្សេងទៀត ពួកគេអាចប្រែក្លាយពីមនុស្សមានភាពសប្បាយរីករាយ ពេញដោយភាពរស់រវើក ទៅជាអ្នកមិនចេះឃ្លានបាយ មិនគេង ឬអស់សង្ឃឹមក្នុងជីវិត ប្រសិនទំនាក់ទំនងស្នេហារបស់ពួកគេមានឧបសគ្គ។ អ្នកវិទ្យាសាស្ដ្ររកឃើញថា សញ្ញាខាងលើ គឺមិនខុសពីការញៀនថ្នាំនោះទេ។ នៅពេលអ្នកនឹកដល់សង្សាររបស់ខ្លួន នោះតំបន់ខួរក្បាលដែលធ្វើសកម្មភាពខ្លាំងក្លា គឺជាតំបន់ដែលថ្នាំញៀនអាចគ្រប់គ្រងបាន។
៤. ឆ្លងកាត់ឧបសគ្គធ្វើអោយយើងស្និទ្ធស្នាលជាងមុន
/
មនុស្សទូទៅយល់ថា នៅពេលបានឆ្លងកាត់ឧបសគ្គណាមួយក្នុងជីវិត ពួកគេតែងមានរម្មណ៍ថា ភាពទាក់ទាញរបស់ភាគីម្ខាងទៀត បានកើនឡើងជាងពេលណាៗទាំងអស់។  Fisher ថ្លែងថា មូលហេតុគឺដោយសារ អ័រម៉ូន dopamine ។
៥.ត្រូវដក់ជាប់ក្នុងអារម្មណ៍
/
ប្រសិន ជារៀងរាល់ថ្ងៃ អ្នកតែងនឹកដល់មនុស្សណាម្នាក់ នេះបង្ហាញថា អ្នកកំពុងមានស្នេហាហើយ! ក្នុងចំណោមមនុស្សទាំងអស់ដែលត្រូវបានសាកសួរ គឺមានរហូតដល់ ៨៥% បានទទួលស្គាល់ថា ខ្លួនយល់សប្ដិឃើញប្រការជាច្រើនដែលទាក់ទិននឹងមនោសញ្ចេតនារបស់ខ្លួន។ ប្រការនេះ ត្រូវបានអ្នកជំនាញការនិយាយថា ជារឿងសាមញ្ញ ព្រោះថា នៅពេលមានស្នេហា កម្រិតនៃ អ័រម៉ូន serotonin នៅសរសៃប្រសាទកណ្ដាលត្រូវថយចុះ បង្កអោយកើតមានការច្រមូលច្របល់ផ្នែកផ្លូវចិត្ត។
៦. សង្ឃឹមថាយើងនឹងបាននៅក្បែរគ្នារាល់ថ្ងៃ
/
ពាក្យចាស់លោកពោលថា ឃ្លាតកាយ ណាយចិត្ត ប៉ុន្ដែ ការដែលគូស្នេហាតែងនៅក្បែរគ្នារាល់ថ្ងៃ ពួកគេក៏អាចនឹងប្រឈមនឹងប្រការមិនល្អមួយចំនួន ដូចជាយល់ថា ខ្លួនជាម្ចាស់របស់ភាគីម្ខាងទៀត ការប្រចណ្ឌ ឬព្រួយបារម្ភគ្មានមូលហេតុជាដើម។
៧. យើងនឹងនៅក្បែរគ្នាជានិច្ច
/
អាការៈនេះ តាមពិតវាគ្រាន់តែជាលទ្ធផលដែលទាក់ទិននឹងអាការៈទី ៦តែប៉ុណ្ណោះ។ នៅពេលស្រឡាញ់គ្នា អ្នកណាក៏ចង់នៅក្បែរគ្នា រាល់ថ្ងៃនោះដែរ។ អ្នកមានស្នេហាតែងស្រមៃដល់ប្រការល្អៗក្នុងអនាគតរបស់ខ្លួន។
៨. ខ្ញុំចង់ធ្វើអ្វីៗអោយល្អបំផុតសម្រាប់នាង/គាត់
/
អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សកំពុងមានស្នេហាមានសមត្ថភាពពិសេសមួយ ៖ នោះគឺទទួលអារម្មណ៍នៃភាពឈឺចាប់របស់មនុស្សដែលខ្លួនស្រឡាញ់ ដូចទៅនឹងការឈឺចាប់របស់ខ្លួន។ ដូច្នេះពួកគេតែងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើអ្វីៗទាំងអស់ដើម្បីអោយមនុស្សដែលខ្លួនស្រឡាញ់បានសប្បាយចិត្ត។
៩. មិនដឹងថា គេនោះចូលចិត្តខ្ញុំស្លៀកពាក់បែបនេះ ឬទេ?
/
ស្នេហាមិនត្រឹមតែអាចធ្វើអោយផ្លាស់ប្ដូរផ្លូវចិត្តនោះទេ ប៉ុន្ដែវាក៏អាចផ្លាស់ប្ដូរទម្លាប់ស្លៀកពាក់ផងដែរ។ ពួកគេតែងផ្លាស់ប្ដូររបៀបស្លៀកពាក់ ដោយសារតែខ្លាចក្រែង អ្នកជាទីស្រឡាញ់របស់ខ្លួន ធុញទ្រាន់។ សំណួរដែលត្រូវបានប្រើប្រាស់ជារៀងរាល់ពេលទៅកំសាន្ដជាមួយគ្នានោះគឺ៖ មិនដឹងថា ថ្ងៃនេះគាត់/នាងយល់យ៉ាងណាចំពោះខ្ញុំ?
១០. អ្នកដែលខ្លួនស្រឡាញ់គឺជាកម្មសិទ្ធិរបស់ខ្លួន
/
អ្នកកំពុងមានស្នេហា ក្រៅពីការធ្វើអ្វីៗទាំងអស់ដល់គ្នា ពួកគេក៏តែងយល់ថា ខ្លួនមានសិទ្ធិជាម្ចាស់របស់ភាគីម្ខាងទៀត គ្មាននរណាមានសិទ្ធិមកដណ្ដើមបានឡើយ។ ជួនកាលពួកគេគ្រប់គ្រងភាគីម្ខាងទៀតយ៉ាងតឹងរឹង ចាប់តាំងពីការដើរហើរ ធ្វើការ នៅជាមួយអ្នកណា។ល។ ប្រសិនមានលក្ខណៈហួសពីការយកចិត្តទុកដាក់ វានឹងក្លាយជាការប្រចណ្ឌ សង្ស័យ ធ្វើអោយទំនាក់ទំនងក្លាយជាអាក្រក់។
១១. បាត់បង់ការគ្រប់គ្រង
/
Fisher រួមជាមួយសហការីបានបង្ហាញថា អ្នកកំពុងមានស្នេហាទាំងអស់មិនអាចគ្រប់គ្រងអ្វីៗទាំងអស់ដោយការយល់ដឹងពិតនោះទេ។ ពួកគេនឹងកាន់តែពិបាកគ្របគ្រងថែ​មទៀតប្រសិនបញ្ហានោះទាក់ទិននឹងមនោសញ្ចេតនារបស់ខ្លួន។ ពួកគេពួកគេនឹងទុកអោយបេះដូងជាអ្នកសម្រេច។
១២. ថាមពលដំបូងរបស់ស្នេហាបានបាត់បង់
/
វាមិនមែនជាប្រការល្អនោះទេ នៅពេលសញ្ញាចុងក្រោយនេះបានបង្ហាញថា ថាមពលខ្លាំងដំបូងរបស់ស្នេហាបានបាត់បង់។ ថាមពលខ្លាំងដំបូងរបស់ស្នេហាគឺជាស្ថានភាពមួយដែលអូសបន្លាយពេលយូរជាងធម្មតា និងរីកចម្រើនយោងទៅលើទំនាក់ទំនង និងការព្យាយាម។ ប្រសិនមានឧបសគ្គដែលធ្វើអោយអ្នកទាំងពីរមិនអាចជួបគ្នាញឹកញាប់ជាបន្ដបន្ទាប់ នោះវាប្រាកដណាស់ថា អារម្មណ៍ដំបូងដែលយើងហៅថា ថាមពលដំបូងរបស់ស្នេហា នោះនឹងត្រូវបាត់បង់បន្ដិចម្ដងៗ បន្ទាប់មក ស្នេហាក៏នឹងត្រូវបាត់បង់ទាំងស្រុង៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14