ក្រោយការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់នៅអឺរ៉ុប ក្រុមរដ្ឋអ៊ីស្លាម ក៏បានវាយប្រហារនៅប្រទេស​បង់ក្លាដែស ដែលជាប្រទេស​មួយនៅតំបន់អាស៊ីខាងត្បូង។

ក្រោយពីបានបរាជ័យជាច្រើន​លើក នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ថ្មីៗនេះ​ ក្រុម IS បន្តធ្វើឱ្យកក្រើកពិភពលោក ដោយការវាយប្រហារ​ទៅលើហាងកាហ្វេមួយកន្លែង​នៅក្រុង​ដាកា ប្រទេស​បង់ក្លាដែស កាលពីថ្ងៃទី ១កក្កដា​កន្លងទៅ បណ្ដាល​ឱ្យមានមនុស្សស្លាប់យ៉ាងតិច ២០នាក់ ក្នុងនោះភាគច្រើនគឺជាជនបរទេស។

/

នាយករដ្ឋមន្ត្រី បាងក្លាដែស លោក Sheikh Hasina កាលពីថ្ងៃទី ២កក្កដា បានប្រកាស​ធ្វើពិធីរលឹកវិញ្ញាណក្ខន្ធចំនួនពីរថ្ងៃ ចាប់ពីថ្ងៃនេះ (៤កក្កដា) ដើម្បីរំលឹក​ដល់​ជនរងគ្រោះ​ក្នុងអំពើភេរវកម្ម​។

នាយករដ្ឋមន្ត្រី​ Sheikh Hasina មានប្រសាសន៍ថា អ៊ីស្លាមគឺជាសាសនា​សន្តិភាពមួយ ហើយគេមិនគួរ​ធ្វើ​ឱ្យប៉ះពាល់​ដល់​សាសនា​នេះ​ ដោយ​អំពើ​ដែលនាំឱ្យ​មានការសងសឹក និងការសម្លាប់​ជនគ្មានទោស​កំហុសនោះឡើយ។

នាយករដ្ឋមន្ត្រី​ Sheikh Hasina អះអាង​ថា បង់ក្លាដែស នឹងតស៊ូ ប្រឆាំងនឹងភេរវកម្ម គ្រប់រូបភាព​ ៖ “ក្រុមភេរវកម្មនេះ មិនមានសាសនា​នោះទេ។ ពួកគេ​មិន​បួងសួង តែផ្ទុយទៅវិញ ពួកគេបែរជា​ទៅសម្លាប់ប្រជាជនស្លូតត្រង់។ ពួកវា​បានបំផ្លាញ​សន្តិភាពរបស់បង់ក្លាដែស ហើយយើងក៏នឹងមិនអនុញ្ញាត​ឱ្យពួកវា មានវត្តមាននៅ​បង់ក្លាដែស​នោះដែរ។ កងទ័ពបង់ក្លាដែសកំពុងតែប្រយុទ្ធប្រឆាំងនឹង​អំពើភេរវកម្មនេះ​”។

បណ្ដា​ប្រទេស​ពាក់ពាន់​កំពុងតែធ្វើការជាមួយ​សមត្ថកិច្ច​បង់ក្លាដែស ដើម្បីកំណត់អត្តសញ្ញាណ​របស់ជនរងគ្រោះ។ ប្រទេស​អ៊ីតាលីប្រកាសថា ពលរដ្ឋ​របស់ខ្លួនចំនួន ៩នាក់ បានស្លាប់ក្នុងករណីភេរវកម្ម​នេះ ចំណែករាជរដ្ឋាភិបាល​ជប៉ុន​ បានទទួលស្គាល់ថា ប្រជាជន ៧រូបរបស់ខ្លួន បានស្លាប់ក្នុងករណីចាប់ជំរិត​នៅបង់ក្លាដែស។

នាយករដ្ឋមន្ត្រី​ជប៉ុន​ Shinzo Abe បានហៅ​ការវាយប្រហារ​នេះថា ជាអំពើមិនអាច​លើកលែង​ ៖ “ខ្ញុំថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះ​អំពើភេរវកម្ម​ទៅលើ​ពលរដ្ឋស្រូតត្រង់។ នេះគឺជាអំពើដែលមិនអាចលើកលែងទោសនោះទេ”។

ក្រៅពីនេះ អាមេរិក​ក៏បានទទួលស្គាល់ថា​ ពលរដ្ឋម្នាក់របស់​ខ្លួនក្នុងចំណោម ជនរងគ្រោះ ២០នាក់ បានស្លាប់ ក្នុងករណី​វាយប្រហារនៅបង់ក្លាដែស។ ទន្ទឹមនឹងនេះ អាមេរិក ក៏ស្នើឱ្យបង់ក្លាដែស​ទទួលយកជំនួយពីអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម។

អ្នកជំនាញខាងប្រឆាំងអំពើភេរវកម្ម​មួយចំនួន យល់ថា បើទោះក្រុម IS បានចេញមកប្រកាសថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែ នេះគ្រាន់តែជាយុទ្ធសាស្ដ្រមួយដើម្បីអូសទាញ​ក្រុមប្រដាប់អាវុធ​អ៊ីស្លាមនៅបង់ក្លាដែស​ ឱ្យ​ចូលរួមជាមួយ​អង្គការរបស់ខ្លួនតែប៉ុណ្ណោះ។

/

កម្លាំងប្រដាប់អាវុធ កំពុងឡោមព័ន្ធតំបន់ជុំវិញហាងកាហ្វេ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត

មន្ដ្រីរដ្ឋាភិបាលមួយចំនួនរបស់បង់ក្លាដែស ក៏បានចេញមកបដិសេធ​អំពីវត្តមាន​របស់ក្រុម IS នៅក្នុងប្រទេស​នេះ ដោយយល់​ថា អ្នកនៅពីក្រោយ​ការវាយប្រហារនេះ គឺ​ជាស្នាដៃ​របស់ក្រុមអ៊ីស្លាមជ្រុលនិយម​ក្នុងប្រទេស​។

យ៉ាងនេះក្ដី បណ្ដា​រូបថត​ដ៏គួរឱ្យខ្លាច នៅឯហាងកាហ្វេ​ ដែលត្រូវបានវាយប្រហារនេះ បានឱ្យយើងដឹងថា ក្រុមរដ្ឋអ៊ីស្លាម បានបង្ហាញវត្តមានរបស់ខ្លួន​នៅ​អាស៊ី​ខាងត្បូង។ អ្នកជំនាញ​ប្រឆាំងភេរវកម្ម​ក៏​បានព្រមានថា បន្ទាប់ពីការវាយប្រហារ​ដ៏កក្រើកនៅអឺរ៉ុប ក្រុមរដ្ឋអ៊ីស្លាម កំពុងតែស្វែងរកវិធីដើម្បីបើកការវាយប្រហារ​មកកាន់តំបន់អាស៊ីខាងត្បូងផងដែរ៕

ប្រែសម្រួល ៖ បុត្រា