រតនគិរីៈ លំនៅដ្ឋានប្រជា ពលរដ្ឋមួយកន្លែង ត្រូវបានឆាបឆេះយ៉ាង សន្ធោសន្ធៅបែកផ្កាភ្លើង កាលពីវេលាម៉ោង ៨ និ០៥នាទី ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣។ ក្នុងប្រតិបត្តិការជួយពន្លត់អគ្គិភ័យ នេះគេសង្កេតឃើញ កម្លាំង នគរបាលនៃស្នង ការដ្ឋានខេត្តរតនគិរី កងកម្លាំងប្រដាប់អាវុធ ចំណុះក្រុងបានលុង រួមទាំងអាជ្ញាធរ មូលដ្ឋានផងដែរ។

ប្រភពពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះថុល យួកពុង អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីរាជការ មន្ទីរវប្បធម៌ខេត្តរតនគិរី និងប្រពន្ធឈ្មោះ សឿន ស៊ីថា អាយុ៤០ឆ្នាំ មុខរបរលក់ដូរឥវ៉ាន់នៅផ្ទះ។

លោក ចាន់ ថាវី ស្នងការរងទទួលបន្ទុកអង្គភាពពន្លត់អគ្គិភ័យបានថ្លែងប្រាប់ឲ្យដឹងថា  ក្នុងប្រតិបត្តិការ ជួយពន្លត់អគ្គិភ័យនេះ  កម្លាំងរបស់លោកប្រើប្រាស់រថយន្តបាញ់ទឹក ចំនួន២គ្រឿងជួយអន្តរាគមន៍។ ប៉ុន្តែផ្ទះឈើមួយខ្នង ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវបានភ្លើង អគ្គិភ័យលេបត្របាក់ស្ទើរមួយរយភាគរយទៅហើយ។

លោកបន្តទៀតថា ដោយសារកម្លាំងរបស់យើងមានការសហការគ្នាល្អ ទើបបណ្តាលឲ្យការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះគ្រប់គ្រងស្ថានភាពបានទាំងស្រុងនៅប្រហែល កន្លះម៉ោងក្រោយមក សំណាងល្អមិនរាលដាលដល់លំនៅដ្ឋានក្បែរនោះ ដែលមានហាងលក់គ្រឿង សំណង់ដ៏ធំទៀតផង។

ស្នងការរងទទួលបន្ទុកអង្គភាពអគ្គិភ័យរូបនេះបន្ថែមទៀតថា ចំពោះទ្រព្យសម្បត្តិដែលខូចខាតក្នុង គ្រោះ អគ្គិភ័យខាងលើនេះ យើងមិនទាន់ដឹងតួលេខនៅឡើយទេ ហើយលោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ពេលចាកចេញពីលំនៅដ្ឋានត្រូវត្រួតពិនិត្យ ខ្សែភ្លើង ចង្ក្រានហ្គាស កន្លែងអុចធូប ទៀនជាដើម។

សូមបញ្ជាក់ផងដែរថា តាមការអះអាងរបស់លោក ថល យួកពុង ដែលជាម្ចាស់ផ្ទះខាងលើ បាននិយាយថា អគ្គិភ័យនេះកើតឡើងដោយសារ ទុសេ្សខ្សែភ្លើង៕

/

/

/

/

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល