ភ្នំពេញ ៖ កូនប្រុសថៅកែហាងលក់ សម្ភារៈកីឡាយីហោហុងស្ព័រ ដែលមានទី តាំងស្ថិតនៅផ្ទះលេខ ៣១៨ តាមមហាវិថី ព្រះមុនីវង្ស ក្នុងភូមិទី៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាល និង កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ ចុះទៅធ្វើ ការឡោមព័ទ្ធហាង និងឃាត់ខ្លួននៅព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ នេះ បន្ទាប់ពីជនបង្កខាងលើ បានផ្ទុះអាវុធចំនួន១គ្រាប់ កាលពីវេលាម៉ោង ១ និង២៤នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃខែឆ្នាំដដែលនេះ ។
យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនបង្កការផ្ទុះអាវុធទាំងកណ្ដាលអាធ្រាត្រ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ១និង២៤នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ពេលនោះ សមត្ថកិច្ច ខណ្ឌដូនពេញទាំងនគរបាល និងអាវុធហត្ថ បានចុះទៅកាន់កន្លែងកើតហេតុ ប៉ុន្ដែ ធ្វើការយាមកាមនៅទី នោះរង់ចាំទទួលការឯកភាព ពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ទើបអាចចូលទៅឆែក ឆេរ និងឃាត់ខ្លួនជនបង្កនេះបាន ។
មន្ដ្រីនគរបាលបានបន្ដទៀតថា លុះដល់ ព្រឹកថ្ងៃទី១៩ ខែសីហា នេះ កម្លាំងសមត្ថកិច្ច ក្រោយពីមានការ ឯកភាពពីតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ រួចមក ក៏បានចុះទៅឃាត់ខ្លួនជនបង្កឈ្មោះ សុខ ឡងឌី អាយុ៣១ឆ្នាំ ជាមន្ដ្រីនគរបាល សន្ដិសុខផ្ទៃក្នុង របស់ក្រសួងមហាផ្ទៃ និង ជាកូនប្រុសរបស់ ថៅកែលក់សម្ភារៈកីឡា ទៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញដើម្បីសួរនាំបន្ដទៀត ចំពោះការផ្ទុះអាវុធ ទាំងកណ្ដាលយប់នេះ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីមួយ ចំនួន នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង ១និង ២៤នាទី ស្រាប់តែឮស្នូរផ្ទុះអាវុធមួយគ្រាប់ ដែលបង្កឡើងដោយកូនថៅកែហាងលក់សម្ភារៈកីឡា បន្ទាប់ពីជន បង្ករូបនេះ បានបើករថយន្ដរបស់ខ្លួន ១ គ្រឿង ម៉ាកធុនត្រា ពណ៌ស គ្មានស្លាកលេខ ។
បើតាមសាក្សីការផ្ទុះអាវុធ១គ្រាប់ ដែល បង្កឱ្យមានការភ្ញាក់ផ្អើល ប៉ុន្ដែមិនបណ្ដាលឱ្យនរណាម្នាក់ រងគ្រោះ ថ្នាក់នោះ សង្ស័យជនបង្ករូបនេះ ស្រវឹងខ្លាំងពេក ពីព្រោះទើបត្រឡប់មកពីចូលរួម ពិធីខួប កំណើតមិត្ដភ័ក្ដិ។ យ៉ាងណាក៏ដោយបច្ចុប្បន្ន ជនបង្កការផ្ទុះអាវុធទាំងកណ្ដាលយប់ខាងលើនេះ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីចាត់ការបន្ដទៀត ៕
![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-068/SH-0227.jpg width=500]()
រូបពាក់អាវក្រឡាការ៉ូនៅខាងស្តាំដៃជាជនបង្កការផ្ទុះអាវុធ

![src=http://111.92.240.170:81//dap-news/dap-images/2013/August/id-007/Pheak-0041.jpg Photo]()




![src=http://image.dap-news.com:81/dap-news/dap-images/2013/August/id-011/Hong-0402.jpg width=500]()
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល