ភ្នំពេញ ៖ ក្បាលនាគចែកទ្រូងផ្លូវមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទល់មុខក្រសួងសង្គមកិច្ច ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ចំនួនពីរកង់ ត្រូវលោកឧត្តមសេនីយ៍ទោម្នាក់ បើករថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទបុករះពេញទំហឹង កាលពីវេលាម៉ោង ១៩នឹង៣០នាទី យប់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៣ ។
យោងតាម សេចក្តីរាយការណ៍ពី កន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺមានបុរសម្នាក់ ដែលអះអាងថា ខ្លួនឯងជាឧត្តមសេនីយ៍ទោ បានបើករថយន្តមួយគ្រឿង ម៉ាកស្តារដា ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១-២-១៥០២ ធ្វើដំណើរ តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកបរក្នុងល្បឿនយ៉ាងលឿន លុះជិតដល់ចំណុចមុខក្រសួងសង្គមកិច្ច ក៏ស្រាប់តែរថយន្តរេចង្កូតបុក រះក្បាល នាគចែក ទ្រូងផ្លូវយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យបាក់អស់ ចំនួនពីរកង់ ចំណែករថយន្តបែកកង់ខាងមុខ រួចព្យាយាមបើករត់គេច ពីកន្លែងកើតហេតុបាន ជាង៣០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចនរគរបាល ប៉ុស្តិ៍បឹងត្របែកចាប់ ឃាត់ជាប់ភ្លាមៗ។
បុរសដែលអះអាងថា ខ្លួនជាឧត្តមសេនីយ៍ទោ ខាងលើនេះត្រូវបានគេស្គាល់ថា ឈ្មោះ ងួន សំបូរ ស្នាក់នៅជិតចំណុចកើតហេតុ។ ក្រោយពេលកើត ហេតុ បុរសរូបនេះ បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចមូលដ្ឋានថា ខ្លួនបើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវ គឺដោយសារតែជិះដល់ ចំណុចខាង លើនេះ គាត់បានទាញចង្កូតរថយន្ត គេចពីម៉ូតូ មួយគ្រឿង កំពុងជិះពីមុខ ទើបណ្តាលឲ្យ ជ្រុលបុករបាំងថ្មតែម្តងទៅ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅក្នុងរថយន្តមានកាត ឈ្មោះ ងួន សំបូរ ដែលបញ្ជាក់ថា រូបគេមានឋានៈ ដែលមានងារ ជានាយឧត្តម សេនីយ៍ត្រី ប៉ុន្តែបុរសឈ្មោះ ងួន សំបូរ នេះបែរជាអួតអាងថា ខ្លួនជាឧត្តមសេនីយ៍ទោទៅវិញ។ ជាពិសេសបុរសម្នាក់នេះ គឺស្ថិតក្នុងស្ថានភាពស្រវឹង ស្រាជោគខ្លួន ស្ទើរងើបមុខមិនរួច។
បន្ទាប់ពីកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអន្តរាគមន៍ ធ្វើការវាស់វែង នឹងអូសយក រថយន្តនេះ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល