កាន់ដាហារ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០១៣ នេះថា មនុស្ស ៣០នាក់បានស្លាប់ និង ១០នាក់ទៀតរង របួសធ្ងន់ បន្ទាប់ពីរថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយនឹង រថយន្ត ដឹកទំនិញ ក្នុងខេត្តកាន់ដាហា កាលពីព្រឹកថ្ងៃសុក្រ នេះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តលោក ចវ៉េដ ហ្វេសល បាននិយាយថា “រថយន្តក្រុងដឹកអ្នក ដំណើរដ៏ចាស់ទ្រុឌទ្រោម មួយគ្រឿង បានធ្វើដំណើរពីខេត្ត ហែលមេន ឆ្ពោះទៅកាន់ រដ្ឋធានីកាប៊ុល នៅវេលាព្រឹកថ្ងៃសុក្រ នេះ ហើយ វាបានជុលជាមួយនឹងរថយន្តដឹក ទំនិញមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នាតែម្តង ដោយក្នុងនោះ បានបណ្តាល ឲ្យអ្នកដំណើរ ៣០នាក់ស្លាប់ និង ១០នាក់ទៀតរងរបួស។”
ចំពោះមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់កើតឡើង ត្រូវបានមន្ត្រីខេត្តស្តីបន្ទោសទៅ លើអ្នកបើកបររថយន្ត ដែលមិនមានការប្រុងប្រយ័ត្ន។ ដោយឡែកខាងមន្ត្រីប៉ូលិសខេត្ត កាន់ដាហា វិញបានអះអាងខុសគ្នាថា មានមនុស្ស ៣៥នាក់បានស្លាប់ និង ២០នាក់ ទៀតទទួលរងរបួសធ្ងន់ធ្ងរបំផុតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ។
គួរបញ្ជាក់តាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថាជនរងគ្រោះមួយចំនួនបានឆេះក្លាយ ជាផេះដោយសារតែ រថយន្តទាំងពីរខាងលើបានបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យផ្ទុះ ឆេះយ៉ាងសន្ធោសន្ធៅផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល