ភ្នំពេញ៖ ក្រុមគ្រួសារមួយក្រុម ជិះក្នុងរថយន្តនីសាន់ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-6930 បើកបរធ្វើដំណើរ តាមបណ្តោយផ្លូវជាតិ លេខ២ ក្នុងទិសដៅពីត្បូងមកជើង គឺពីខេត្តតាកែវ ចូលរាជធានីភ្នំពេញ ខណៈបើកមកដល់ចំណុចរង្វង់មូលដីក្រហម ក្នុងសង្កាត់រលួស ខណ្ឌដង្កោ ក៏ត្រូវនគរបាល ដែលយាមនៅ គោលដៅនោះ ចាប់ឃាត់ដោយសង្ស័យថា រថយន្តមួយគ្រឿងនេះ ពាក់ព័ន្ធនឹងករណីបុក បុរសម្នាក់ នៅភូមិ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោង ២០នឹង០០នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ អាចបញ្ជាក់ថា រថយន្តមួយគ្រឿងនេះ ពិតជាបានបុកមនុស្ស ស្លាប់ នៅស្រុកកណ្តាលស្ទឹង ពិតប្រាកដឬអត់ទេ ។ ប៉ុន្តែបើយោងទៅតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញ ហេតុការណ៍ បាននិយាយរៀបរាប់ប្រាប់ សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យជាង ២០ឆ្នាំ ដើរឆ្លងកាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចកើតហេតុ ក៏ត្រូវរថយន្តដែលសមត្ថកិច្ចឃាត់ ខាងលើនេះ បើកបុក បណ្តាលឲ្យ បោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហើយរថយន្តបានបើករត់ គេចខ្លួនរហូតមកដល់ រង្វង់មូល ដីក្រហម ទើបសមត្ថកិច្ចឃាត់រថយន្ត និងអ្នកបើកបរទៅតាម ការអះអាងរបស់សាក្សីដែលបានឃើញ ហេតុការណ៍ជាក់ស្តែង។

គួរបញ្ជាក់ថាក្នុងរថយន្តនីសាន់មួយគ្រឿងខាងលើនេះ មានអ្នករួមដំណើរចំនួន៨នាក់ ក្មេង៤នាក់ ហើយភាគច្រើនសុទ្ធតែជាស្រី ជាពិសេសអ្នកបើកបររថយន្តនេះ ក៏ជានារីផងដែរ។ ម្ចាស់រថយន្តដែលត្រូវសមត្ថកិច្ចឃាត់បាន និយាយប្រកែក យ៉ាងដាច់អហង្កាថា ខ្លួនមិនបានបើករថយន្ត បុកមនុស្សស្លាប់ ដូចការរៀបរាប់របស់សាក្សី ខាងលើឡើយ ។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបានសម្រេច ឃាត់រថយន្តខាងលើនេះ យកទៅកាន់ អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីពិនិត្យស្លាកស្នាម និងស្រាវជ្រាវតាមសាក្សី ដែលបានឃើញ ហេតុការណ៍ជាក់ស្តែង ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលមួយរូប បាននិយាយថា រថយន្តខាងលើនេះ ទំនងជាន់ដានរថយន្តគេហើយ បើសមត្ថកិច្ចពិនិត្យលើទិដ្ឋភាពលើរថយន្តនោះ៕

 

Photo

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល