បាដាដ៖ ប៉ូលីស និងមន្រ្តីអ៊ីរ៉ាក់ បាននិយាយថា រលកនៃការវាយប្រហារ ដោយគ្រាប់បែក បានអង្រួនប្រទេសអ៊ីរ៉ាក់ជាថ្មី កាលពីថ្ងៃសុក្រទី១៧ ខែឧសភា បណ្តាលឲ្យមានអ្នកស្លាប់ យ៉ាងហោចណាស់ ៧៣នាក់ និង១៤៨នាក់ ទៀតរងរបួស។
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ដោយស្រង់សម្តី អភិបាលក្រុង លោក អាប់ឌុលឡា ហាយ៉ាលី ប្រាប់ស៊ីនហួថា «យ៉ាងហោចណាស់មនុស្ស ៤១នាក់ ស្លាប់ និង៥៦នាក់ទៀតរងរបួស នៅក្នុងការបំផ្ទុះពីរ ដែលបានកើតឡើងតំណាលគ្នាក្នុងទីក្រុង បាគូបា ភាគខាងកើតខេត្ត ឌីយ៉ាឡា ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីមានការសូត្រហើយកាលពីថ្ងៃសុក្រ»។
លោកបន្តថា ការបំផ្ទុះគ្រាប់បែកចំនួនពីរតាមដងផ្លូវបានកើតឡើងនៅជិតវិហារឥស្លាម សារ៉ូយ៉ា ក្នុងទីក្រុង បាគូបា ចម្ងាយ ៦៥គីឡូម៉ែត្រ ភាគឦសានរដ្ឋធានីបាដាដ ដោយបានវាយប្រហារទៅលើអ្នកកាន់សាសនាឥស្លាមនិកាយ សាន់នី ខណៈពួកគេចាកចេញពីព្រះវិហារបន្ទាប់ពីសូត្រធម៌រួច។
បើតាមប្រភពពីប៉ូលីសបានឲ្យដឹងទៀតថា យ៉ាងហោចណាស់មនុស្ស ២២នាក់បានស្លាប់ និង៥៧នាក់ទៀតរងរបួស នៅក្នុងការបំផ្ទុះតាមដងផ្លូវចំនួនបី កាលពីល្ងាចថ្ងៃសុក្រ ទី១៧ ខែឧសភា ដដែលនោះ នៅទីក្រុង បាដាដ ប្រទេសអ៊ីរ៉ាក់។ ចំណែកការបំផ្ទុះតាមដងផ្លូវមួយទៀត នៅសង្កាត់ អាមីរីយ៉ា ភាគខាងលិចទីក្រុង បាដាដ បណ្តាល ឲ្យមនុស្ស ១៩នាក់ស្លាប់ និង៣២នាក់ទៀតរងរបួស។
គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេលថ្មីៗ ការវាយប្រហារដោយគ្រាប់បែកអត្តឃាត បានកម្រើក ឡើងវិញ យ៉ាងខ្លំាង ដោយបានបណ្តាលឲ្យមានព្រួយបារម្ភថា ក្រុមភេរវជន និងក្រុមឧទ្ទាមប្រដាប់អាវុធ អាចបង្ក ទៅជាអំពើហិង្សានៅទូទំាងប្រទេស ជាពិសេសខណៈអ៊ីរ៉ាក់ កំពុងព្យាយាមទប់ស្កាត់អំពើហិង្សា ដែលកំពុងបន្តការ ហែកហួរក្នុងប្រទេសជិតខាងខ្លួន គឺស៊ីរី។ ចំណែការវាយប្រហារថ្មីៗនេះ មិនទាន់មានក្រុមណាមូយចេញមុខ អះអាងទទួលខុសត្រូវនោះទេ ប៉ុន្តែក្រុមភេរវជនអាល់កៃដា ក្នុងប្រទេសអ៊ីរ៉ាក់ តែងតែចេញមុខទទួលខុសត្រូវ សម្រាប់ការវាយប្រហារធំៗក្នុងប្រទេសនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល