លោកស្រីឌីលម៉ារូសសេហ្វ​ បាន​​ធ្វើសច្ចា​ប្រណិ​ធាន​​ចូលកាន់តំណែង​ប្រធានាធិបតី​​ថ្មី​របស់​ប្រទេស​ប្រេស៊ីល កាលពីថ្ងៃទី​​៣១​ ធ្នូ ​កន្លងមក ធ្វើ​​​ឱ្យ​​លោកស្រី​ក្លាយជា​ប្រធានាធិបតីស្ត្រី​ដំបូង​​គេ​របស់​ប្រទេស​ប្រេស៊ីល ។ លោកស្រី ឌីលម៉ា​រូស​សេហ្វ​ បានធ្វើសច្ចា​ប្រណិធាន​នៅចំពោះ​មុខ​​​អ្នកគាំទ្រយ៉ាង​ច្រើនកុះករ​​ពោរពេញ​​ទៅ​ដោយ​ភាព​រីករាយ​ ។#លោកស្រីឌីលម៉ារូសសេហ្វ​ ថ្លែង​ថា នេះជា​លើកទី​១ហើយ ដែល​​​កំណាត់​​ពាក់ឈៀង​​តំណែង​​ប្រធា​នាធិបតី​​របស់ប្រេស៊ីល​​ត្រូវបាន​បំពាក់លើ​ស្មា​របស់​ស្ត្រី​ ហើយ​​ថា លោកស្រី​នឹង​គោរព​សិទ្ធិ​ស្ត្រី​​ជា​និច្ច​​ ជាពិសេស​​ការពារ​អ្នក​ដែល​ងាយ​រង​គ្រោះ ។ ​លោកស្រី​​បានថ្លែង​​ទៅកាន់​ហ្វូងមនុស្ស​​ទាំង​ទឹកភ្នែក​​​ហូររហាម​​ និងពោរ​ពេញ​​​ទៅ​ដោយ​​ភាព​​ត្រេកអរ​ថា «ឥឡូវ​​នេះខ្ញុំ​​ជាប្រធានាធិបតី​​ ហើយដូច្នេះ​​អ្នក​រាល់​គ្នាកុំ​ភ័យ​តទៅទៀត» ។ លោកស្រីឌីលម៉ារូសសេហ្វ​​ អាយុ៦៣​ឆ្នាំ ​បានជំនួស​លោក​ល្វីស​អ៊ី​ណា​ស៊ី​យ៉ូ ​លូឡា​ដា ស៊ីល​​វ៉ា​ ជា​ប្រធា​នា​ធិបតី​​​ដ៏មានប្រជា​ប្រិយភាព​​​បំផុត​របស់​ប្រទេស​ប្រេស៊ីល ក្រោយ​ពី​​លោកស្រី​​ទទួលបាន​ជ័យ​ជំនះក្នុង​​​ការបោះ​ឆ្នោត​ជ្រើសរើស​​ប្រធានាធិបតី​ជុំ​ទី​២ កាលពី​ខែ​តុលា​​កន្លង​មក ។#ពិធីធ្វើ​សច្ចា​ប្រណិធាន​ចូលកាន់តំណែង​របស់​​លោកស្រីឌីលម៉ារូសសេហ្វ​​ ចូលរួម​ដោយប្រមុខ​រដ្ឋ​២៣​រូប អនុប្រធានាធិបតី​​៩រូប ​ឯកអគ្គ​រដ្ឋទូត​​៧៦​រូប និង​​រដ្ឋ​មន្ត្រី​​ការបរទេស​​២៤រូប ក្នុងនោះ​មាន​​រដ្ឋ​មន្ត្រី​​ការបរទេស​​អាមេរិក លោកស្រី​ហ៊ីល​​ឡារី គ្លីន​តុន ផងដែរ ៕