អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន គូសបញ្ជាក់កាលពីថ្ងៃទី១ មករា ថា ពេលនេះរូបលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជំនួយសមស្របក្នុងការសំរបសំរួលឱ្យមានស្ថិរភាព និងសុខសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយមានកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសពាក់ព័ន្ធ ។ លោកបាន គីមូន គូសបញ្ជាក់ដូច្នេះនៅពេលលោកជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ម្យុងបាក់ ។#ក្នុងអំឡុងពេលនៃការសន្ទនាគ្នានេះ លោកបាន គីមូន និងលោកលី ម្យុងបាក់ បានលើកឡើងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន។#អ្នកនាំពាក្យរបស់ប្រម ុខ អ.ស.ប ថ្លែងថា លោកអគ្គលេខាធិការបាន គីមូន បានលើកសរសើរចំពោះការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតីលី ម្យុងបាក់ ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ឧបទ្វីបកូរ៉េ ពិសេសរបស់កូរ៉េខាងជើង តាមរយៈការចរចា៦ភាគី ។ លោកបាន គីមូន បានអះអាងបញ្ជាក់សាជាថ្មីពីការត្រៀមខ្លួនរបស់លោកក្នុងការផ្តល់ជំនួយសមស្រប ដើម្បីសំរបសំរួលឱ្យមានស្ថិរភាព និងសុខសន្តិភាពក្នុងតំបន់ដោយមានកិច្ចសហប្រតិបត្តិការពីប្រទេសពាក់ព័ន្ធ ៕