ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មបំផុត នៅនឹងកន្លែងកើតហេតុ ខណៈដែល យុវជនរូបនេះបាន ជិះនៅលើរថយន្តស៊ីនទ្រី ពេលរថយន្តកំពុងបើកបរ ហើយបានធ្លាក់ មកលើថ្នល់ ក៏ត្រូវ រថយន្ត ស៊ីនទ្រី ដែលកំពុងបើកបរ នោះកិនធ្លាយខួរស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១៥ និង២០ នាទី រសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវមុនីរ៉េត ជិតផ្សារស្ទឹងមានជ័យ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនដែលស្លាប់បាត់ជីវិតក្នុង ខាងលើនេះមាន ឈ្មោះ ធៀង ធា ភេទប្រុស អាយុ១៨ ឆ្នាំស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមានមុខ របរជាកម្មករក្នុងក្រុមហ៊ុនស៊ីនទ្រី ។
ប្រភពដដែលបានបន្តថាមុនពេលកើតហេតុ គេសង្កេតឃើញយុវជនរងគ្រោះ រួមជាមួយនិង កម្មករជាពីរ ទៅបីនាក់ ទៀតបានដើរប្រមូល សម្រាមដាក់ក្នុងរថយន្តស៊ីនទ្រី ខណៈប្រមូលសំរាម បានពេញរថយន្ត ហើយនោះយុវជនរងគ្រោះបានតោងរថយន្តពីចំហៀងក្នុងបំណងជិះ ទៅកន្លែងចាក់សម្រាមប៉ុន្តែតោងមិនបានប៉ុន្មានម៉ែត្រផង ស្រាប់យុវជនឈ្មោះ ធៀង ធា បានធ្លាក់ពីរថយន្តទាំងកំរោលបណ្តាលឲ្យ កង រថយន្តស៊ីនទ្រីខាងក្រោយ កិនចំក្បាលបែកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តងទៅ។
ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានចេញមកអន្តរាគមន៍ ធ្វើចរាចរណ៍ជូន អ្នកដំណើរចៀសវាង ការកកស្ទះចរាចរណ៍ និងបានសហការជាមួយ និងនគរបាលជំនាញចុះ មកវាស់វែងនាំយករថយន្តស៊ីនទ្រីនេះទៅកាន់ការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសាកសព ជនរងគ្រោះត្រូវបាន សមត្ថកិច្ចលើកយកទៅតម្កល់ នៅវត្តសំបួរមាស រង់ចាំទំនាក់ទំនង ទៅក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល