CAIRO: រថភ្លើងយោធាមួយគ្រឿងបានភ្លាត់ចេញ ពីផ្លូវដែក ដែលហេតុការណ៍នេះ បានកើតឡើងក្នុងប្រទេស អេហ្ស៊ីប កាលពីថ្ងៃអង្គារ៍ ទី១៥ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ ដែលបានបណ្តាលឲ្យកងកម្លាំងយោធាយ៉ាង ហោចណាស់១៩នាក់ស្លាប់ និង១០៧នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីសុខា ភិបាលប្រាប់ព័ត៌មាន MENA ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ បានឲ្យដឹងដោយយោងតាមសេចក្តី ថ្លែងការណ៍ថា រថភ្លើងបានដឹកកងកម្លាំងយោធាថ្មីពីតំបន់ភាគខាងត្បូងប្រទេសអេហ្ស៊ីប ទៅកាន់ជំរុំកងទ័ព ពេល នោះទូររថភ្លើងចំនួនពីរបានភ្លាត់ចេញពីដងផ្លូវដែក។
បន្ទាប់ពីហេតុការណ៍បានកើតឡើង មានរថយន្តសង្គ្រោះបន្ទាន់ ចំនួន៦៦គ្រឿងបានប្រញាប់ប្រញាល់ក្នុងការ បញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ ក្នុងតំបន់នៅក្បែរកន្លែងកើតហេតុ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យ ម្នាក់ឈ្មោះ Ahmed Omar ។
ក្នុងពេលជាមួយគ្នាដែរនោះ សុភាចារបុរស ដែលទើបតែងតាំងថ្មី លោក Talat Ibrahim បានចេញបញ្ជាឲ្យមាន ការស៊ើបអង្កេតជាបន្ទាន់ ទាក់ទងបញ្ហានេះ ដោយបានអះអាងថា ជនណាដែលជាប់ពាក់ព័ន្ធនឹងបញ្ហានេះ នឹង ត្រូវទទួលការកាត់ទោសតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ រថភ្លើងមួយគ្រឿងបានប៉ះទង្គិចជាមួយរថយន្តដឹកសិស្ស សាលា ដែលស្ថិតនៅភាគខាងត្បូងប្រទេសអេហ្ស៊ីប បណ្តាលឲ្យកុមារជាងដប់នាក់ស្លាប់។ បន្ទាប់ពីហេតុការណ៍ នោះបានកើតឡើង រដ្ឋមន្ត្រីទូរគមនាគមន៍ និងដឹកជញ្ជូនបានលាលែងពីតំណែង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល