ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសស្កាយ អោយដឹងថា នៅឯប្រទេសប្រេស៊ីលឯណោះវិញ យ៉ាងហោចណាស់ មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណីគ្រោះថ្នាក់បាក់រលំសំណង់អាគារពហុកីឡាដា្ឋនមួយកន្លែង ខណៈកីឡាដ្ឋានមួយនេះ គ្រោងនឹងបើកដំណើរ ដោយនឹងមានការប្រកួតកីឡាបាល់ទាត់ World Cup ឆ្នាំ ២០១៤ ខាងមុខនេះ។

ខណៈមានទីតាំងស្ថិតនៅក្នុងក្រុង Sao Paulo ផ្នែកមួយចំនួននៃវេទិកា ពហុកីឡាដ្ឋាន Arena Corinthians មួយនេះ រងការខូចខាតផងដែរ ក្រោយពីមានការបាក់រលំគំនរដែកពីលើមកសង្កត់លើ។ យ៉ាងណាមិញ បើតាមការអោយដឹងពីសារព័ត៌មានក្នុងស្រុកអោយដឹងថា មូលហេតុដែលនាំអោយមានករណីបាក់រលំលើកនេះ គឺបណ្តាលមកពី ឧបករណ៍ដែលជាប្រដាប់ស្ទូចធំៗនៅកន្លែងសាងសង់។
ប្រភពសារព័ត៌មានក្នុងស្រុកដដែល អះអាងថាបុគ្គលិកដែលជាអ្នកបម្រើការស្លាប់បាត់បង់ជីវិតទាំងពីរនាក់នោះ មានឈ្មោះ Fabio Luiz Pereira វ័យ ៤២ ឆ្នាំ និង ឈ្មោះ Ronaldo Oliveira Dos Santos មានវ័យ ៤៤ ឆ្នាំ ។ គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់កើតហេតុមួយនេះ បានកើតឡើងនៅវេលាថ្ងៃត្រង់ម្សិលមិញនេះ ខណៈមានក្រុមការងារនៅកន្លែងកើតហេតុតែ ៣០ នាក់នោះទេ ផ្ទុយពីសព្វមួយដង មានអ្នកបម្រើការ ជាបុគ្គលិកក្រុមការងារ ដល់ទៅ ១៧០០ នាក់ឯណោះ។

គួររំឭកផងដែរថា ប្រទេសប្រេស៊ីល នាពេលបច្ចុប្បន្ន ក៏ដូចជា ប៉ុន្មានឆ្នាំចុងក្រោយនេះបានសម្រុកសាងសង់ឡើងនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីជាការឆ្លើយតប ខណៈប្រទេសខ្លួន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតកីឡា World Cup ឆ្នាំ ២០-១៤ ឆ្នាំក្រោយនេះ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ