ភ្នំពេញ៖ ក្នុងរយៈពេល យ៉ាងយូរ ១ខែទៀត ពោលគឺចុងខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ រាជធានីភ្នំពេញ នឹងមានអគ្គិសនី ផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបង្ក លក្ខណៈកាន់តែងាយស្រួល ចំពោះអ្នករស់នៅ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នកប្រកបមុខរបរ រកស៊ីផងដែរ។

អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានធ្វើការអះអាងបែបនេះ នៅក្នុងសន្និសីទ ក្រោយកិច្ចប្រជុំ ថ្នាក់ដឹកនាំអគ្គិសនី នៃប្រទេសអាស៊ាន ដែលមានការចូលរួមពីប្រទេស ដែលជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលថាមពលអាស៊ាន នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ នាសណ្ឋាគារណាហ្គាវើល រាជធានីភ្នំពេញ។

លោក កែវ រតនៈ បានឲ្យដឹងថា ក្នុងអំឡុងយ៉ាងយូរ មិនដល់១ខែទៀតទេ រាជធានីភ្នំពេញ នឹងមានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ដែលលែងមានបញ្ហា ក្នុងការដាច់ញឹកញាប់នោះទៀតហើយ ក្រោយពេលដែលកម្លាំង ៥០មេហ្គាវ៉ាត់ ធ្យូងថ្ម ដែលចេញពីខេត្តព្រះសីហនុ ត្រូវបានធ្វើរួចរាល់។

លោក កែវ រតនៈ បានបន្តថា «និយាយដោយឡែក នៅក្នុងឆ្នាំ២០១៣នេះ យើងពិបាកប្រហែលជា ១ខែទៀតសោះ សំរាប់ប្រព័ន្ធអគ្គិសនី នៅក្នុង ទីក្រុងភ្នំពេញ ដោយប្រព័ន្ធអគ្គិសនី នៅក្នុងទីក្រុងភ្នំពេញ ត្រូវគ្របដណ្តប់ លើប្រព័ន្ធភ្នំពេញខ្លួនឯងផង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ហើយនិង ជាយៗក្រុង។ ប្រព័ន្ធនេះគឺថា ១ខែទៀតយ៉ាងយូរ នឹងលែងជួបបញ្ហា នៅពេលដែល៥០មេហ្គាវ៉ាត់ ធ្យូងថ្មរបស់យើង ចេញមកពីខេត្តព្រះសីហនុ ដែលត្រូវចេញ នៅក្នុងប៉ុន្មានអាទិត្យ ខាងមុខនេះ»។

សម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដំណឹងនេះ គឺជារឿងដែលល្អប្រសើរបំផុត សម្រាប់ពួកគាត់ ពីព្រោះថា ប្រព័ន្ធអគ្គិសនី ដែលកំពុងតែដំណើរការផ្គត់ផ្គង់ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារតែមានតំបន់ខ្លះ បានដាច់ ភ្លើងជាញឹកញាប់ ដែលបង្កលក្ខណៈលំបាក សំរាប់ការរស់នៅ ក៏ដូចជាការប្រកបមុខរបរ រកស៊ីរបស់ពួកគាត់។ ទាំងអស់នេះហើយ ជាសមិទ្ធផល ដែលកើតឡើង ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល