នៅក្នុងសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអោយដឹងថា នាវា USS Blue Ridge ក៏នឹងមកចូលចតក្នុងសមុទ្រកម្ពុជា ជាមួយនឹងទស្សនកិច្ចរបស់ឧត្តមនាវីឯក Scott Swift មេបញ្ជាការ នៃកងនាវាជើងទឹកទី៧ របស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ ។ឆ្លៀតឱកាសនេះ យើងសូមនាំមិត្តអ្នកអានទាំងអស់ ស្វែងយល់ពីនាវា USS Blue Ridge ដូចខាងក្រោម ៖
USS Blue Ridge របស់កងនាវាជើងទឹកទី៧ នៃសហរដ្ឋអាមេរិក
USS Blue Ridge បច្ចុប្បន្នគឺជានាវាដឹងនាំរបស់កងនាវាជើងទឹកទី ៧ និងជានាវាលំដាប់កំពូល បើធៀបនឹងនាវា Blue Ridge ២ គ្រឿងផ្សេងទៀតរបស់កងទ័ពជើងទឹកអាមេរិក។
USS Blue Ridge ដែលជានាវាបញ្ជាការរបស់កងនាវាជើងទឹកទី ៧ របស់អាមេរិក ត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ជាមួយនឹងប្រព័ន្ធបញ្ជាការ ទូរគមនាគម កុំព្យូទ័រ និងស៊ើបការណ៍សម្ងាត់។
ឈ្មោះរបស់ USS Blue Ridge ត្រូវបានគេដាក់ទៅតាមឈ្មោះនៃភ្នំមួយដែលស្ថិតក្នុងជួរភ្នំ Appalachian នៅភាគខាងកើតអាមេរិក។ នាវានេះមានអាយុកាល ៤២ឆ្នាំ ចាប់តាំងពីចាប់ដំណើរការ។
ដោយទទួលភារកិច្ចក្នុងកងទ័ពជើងទឹកអាមេរិកចាប់ពីខែវិច្ឆិកា ឆ្នាំ ១៩៧០ នាវា USS Blue Ridge ត្រូវបានគេនាំទៅកាន់មូលដ្ឋានទ័ពជើងទឹក Philadelphia ជាមួយនឹងភារកិច្ចជានាវាដឹកនាំ និងបញ្ជាការសម្រាប់កងទ័ពជើងទឹក។
រហូតមកទល់នឹងខែកុម្ភៈ ឆ្នាំ ១៩៧១ ដោយមានវត្តមានរបស់នាវា Carroll នាវា USS Blue Ridge ក៏ត្រូវបានបញ្ជូនមកកាន់ San Diego នៃរដ្ឋ California។
ចាប់តាំងពីឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៧៩ USS Blue Ridge ត្រូវបំពេញបេសកកម្មនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយក្រោយមក វាក៏មានវត្តមានជាញឹកញាប់នៅមូលដ្ឋានកងទ័ពជើងទឹក Yokosuka (ប្រទេសជប៉ុន)។
ក្នុងអំឡុងទសវត្សឆ្នាំ ១៩៩០ USS Blue Ridge តែងត្រូវបានបញ្ជូនអោយធ្វើជានាវាដឹកនាំសម្រាប់យុទ្ធនាការយោធាខ្នាតធំរបស់អាមេរិក។ នៅលើនាវា USS Blue Ridge នេះ មានឧទ្ធម្ភាគចក្រ Sikorsky ប្រភេទ SH-60 Seahwk ២គ្រឿង ,កាំភ្លើងធំ ៤ ដើម , កាំភ្លើងយន្ដ ៨ដើម រួមជាមួយនឹងរ៉ាដាទំនើបផងដែរ។
ក្នុងរយៈពេលចុងក្រោយនេះ USS Blue Ridge ត្រូវបានគេប្រើប្រាស់ក្នុងបេសកកម្មហ្វឹកហ្វឺន បណ្ដុះបណ្ដាលទាហានជើងទឹក ឬធ្វើសមយុទ្ធយោធារួមជាមួយបណ្ដាប្រទេសនានានៅសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រឥណ្ឌា។
ក្រៅពីនេះ នាវា USS Blue Ridge ក៏បានចូលរួមក្នុងការជួយសង្គ្រោះនៅជប៉ុន ខណៈដែលប្រទេសនេះជួបនឹងគ្រោះធម្មជាតិ។ល។ តាមគម្រោង USS Blue Ridge នឹងត្រូវបំពេញភារកិច្ចក្នុងកងទ័ពជើងទឹកអាមេរិករហូតដល់ឆ្នាំ ២០៣៩៕
តំបន់ចតឧទ្ធម្ភាគចក្រនៅលើ USS Blue Ridge
ប្រព័ន្ធត្រួតពិនិត្យទំនើបរបស់ USS Blue Ridge
ដោយ ៖ សូរីយ៉ាប្រភព ៖ CBS/NDT