មន្ត្រីនានានិយាយថា មនុស្សដល់ទៅ៣៤.៦១២នាក់ បានស្លាប់បាត់បង់ជីវិតក្នុងការសំលាប់ទាក់ទងគ្រឿងញៀននៅក្នុងប្រទេសម៉ិចស៊ិករយៈពេល៤ឆ្នាំ ចុងក្រោយនេះ ចាប់តាំងពីប្រធានាធិបតីម៉ិចស៊ិក លោកហ្វីលីប កាដឺរ៉ូន ប្រកាសយុទ្ធនាការប្រឆាំងក្រុមអ្នករត់ពន្ធគ្រឿងញៀនក្រោយពីលោកឡើងកាន់អំណាចមក ។#ការសំលាប់ទាក់ទងគ្រឿងញៀននៅម៉ិចស៊ិកកើនឡើងដល់កំរិតខ្ពស់បំផុតនៅឆ្នាំ២០១០ ដោយមនុស្សស្លាប់មានដល់ទៅ១៥.២៧៣នាក់ ទល់នឹង៩.៦១៦នាក់ កាលពីឆ្នាំ២០០៩ ។# ក្នុងកិច្ចប្រជុំមួយជាមួយក្រុមប្រឆាំងគ្រឿងញៀនដែលក្នុងកិច្ចប្រជុំនេះរដ្ឋាភិបាលបង្ហាញ ទិន្នន័យទទួលបានពីការតាមដានបទឧក្រិដ្ឋទាក់ទងគ្រឿងញៀន លោកប្រធានាធិបតិកាដឺរ៉ូន ថ្លែងថា ឆ្នាំ២០១០ ជាឆ្នាំកើតអំពើហិង្សាទាក់ទងគ្រឿងញៀនធ្ងន់ធ្ងរបំផុត ។#អ្នកនាំពាក្យការិយាល័យសន្តិសុខសហព័ន្ធម៉ិចស៊ិកលោក Alejandro Poire និយាយថា តាមតួលេខដែលចងក្រងរយៈពេល៤ឆ្នាំថា ក្នុងចំណោមអ្នកស្លាប់ជាង៣០.០០០នាក់ ទាក់ទងនឹងគ្រឿងញៀននេះ គឺ៣០.៩១៣ ត្រូវបានសំលាប់តាមបែបប្រហារជីវិត និង៣.១៥៣នាក់ ស្លាប់ដោយសារការបាញ់ប្រហារ ។#លោកប្រធានាធិបតីកាដឺរ៉ូន ថ្លែងថា ភាគច្រើននៃអ្នកស្លាប់នៅឆ្នាំ២០១០ គឺជាលទ្ធផលនៃសង្គ្រាមគ្រឿងញៀនរវាងក្រុមរត់ពន្ធថ្នាំញៀន និងអតីតសម្ព័ន្ធមិត្តរបស់ពួកគេ ៕
