កាល​ពី​យប់​ថ្ងៃ​ទី​១៣ មករា ក្រោយ​ពី​​សង្កថា​តាម​ទូរ​ទស្សន៍​របស់​ប្រធានា​ធិបតី​ទុយ​នី​សីុ​ដែល​បញ្ជាក់​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​សំរាប់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០១៤​ ទៀត​ ហើយ​ប្រកាស​​ពី​ការ​បញ្ចុះ​តំលៃ​នំបុ័ង​ និង​ផ្តល់​សេរី​ភាព​ដល់​ការ​បញ្ចេញ​មតិ​ហ្វូង​មនុស្ស​បាន​លើក​គ្នា​ស្រែក​អប​អរ​​ពី​ជោគ​ជ័យ​នៃ​ការ​តវ៉ា​ របស់​ខ្លួន​។#ក្រោយ​ចប់​សង្កថា​នាយ​ប់​ថ្ងៃ​ទី​១៣ មករា នោះ​របស់​លោក​ប្រធានា​ធិបតី​បេន​អាលី ប្រជា​ជន​រដ្ឋ​ធានី​ទុយ​នី​ស​ជា​ច្រើន​ពាន់​នាក់​ពុំ​អើ​ពើ​នឹង​បំរាម​គោចរ​បាន​លើក​គ្នា​មក​កាន់​កណ្តាល​ ទី​ក្រុង​ និង​តាម​​បណ្តា​មហា​វិថី​ជាយ​ក្រុង​សំដែង​ចលនា​រីក​រាយ​យ៉ាង​ខ្លាំង​ ដោយ​នាំ​គ្នា​ស្រែក​ពី​ជ័យ​ជំនះ​នៃ​ការ​តវ៉ា​របស់​ពួក​គេ​ ហើយ​មាន​ការ​ចុច​ស៊ីប្លេ​យាន​យន្ត​យ៉ាង​កង​រំពង។ ក្នុង​សង្កថា​​លោក​ប្រធានា​ធិបតី​បេន​អាលី​បាន​សំរាល​ភាព​តាន​តឹង​នៅ​ទី​ក្រុង​ទុយ​នីស​ និង​តំបន់​ជុំ​វិញ​ ដោយ​ប្រកាស​ពី​ការ​សំរេច​​​ចិត្ត​សំខាន់ៗ​ជា​ច្រើន​។ សេចក្តី​សំរេច​ចិត្ត​ដំបូង​គេ​លោក​ថា លោក​នឹង​មិនឈរ​ឈ្មោះ​​​បោះ​ឆ្នោត​សំរាប់​អាណត្តិ​ទី​៦​ក្នុង​ឆ្នាំ​២០១៤​​ទៀត​ឡើយ ហើយ​ក្នុង​ពេល​លោក​នៅ​កាន់​អំណាច​លោក​នឹង​រៀប​ចំ​ឱ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​។ លោក​ថ្លែង​ថា លែង​មាន​ប្រធានា​​ធិបតី​​​អស់​មួយ​ជីវិត​ ដូច​ការ​ចែង​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ទៀត​ហើយ​។ លោក​បញ្ជាក់​ថា ​សភាព​ការណ៍​បច្ចុប្បន្ន​ចាំ​បាច់​ត្រូវមាន​​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​។ #មនុស្ស​៦៦​នាក់​បាន​ត្រូវ​ស្លាប់​តាំង​ពី​ចាប់​ផ្តើម​ភាព​ចលា​ចល​នៅ​ទុយ​នី​ស៊ីស្ទើរ​តែ​​ពេញ​មួយ​ខែ​មក​ ។ នេះ​ជា​តួ​លេខ​របស់​សហ​ព័ន្ធ​អន្តរ​ជាតិ​នៃ​សម្ព័ន្ធ​សិទ្ធិ​មនុស្ស FIDH ។ តុល្យ​ការ​នេះ​មាន​ការ​​កើន​ឡើង​ ដោយ​នារសៀល​ថ្ងៃ​ទី​១៣ មករា បាតុ​ករ​ម្នាក់​ទៀត​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ក្នុង​សង្កាត់​មួយ​នៃ​ទី​ក្រុង​ទុយ​នីស ៕