យោងតាមតុល្យការប្រជាសាស្ត្រថ្មីមួយចេញផ្សាយកាលពីថ្ងៃ ទី១៨ មករា ដោយវិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាសេដ្ឋកិច្ច INSEE របស់បារាំងថា ចំនួនប្រជាជនបារាំងមានលើសពី៦៥លាននាក់មកដល់ថ្ងៃទី១ មករា ២០១១ ដែលមានចំនួនកើនឡើង៣៥៨.០០០នាក់ ក្នុងមួយឆ្នាំ ។# ជាមួយក្មេងកើត ៨២៨.០០០នាក់ ឆ្នាំ២០១០ ជាឆ្នាំមានកំណើតខ្ពស់បំផុតនៅបារាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០០៦ និង២០០៨ ។ ការផ្តល់កំណើតមានការកើនឡើងជាពិសេសដោយសារនារីមានអាយុលើសពី៣០ឆ្នាំ ។នារីបារាំងមានអត្រាផ្តល់កំណើតគិតជាមធ្យម#២.០១ក្នុងនារីម្នាក់ ។ អាយុមធ្យមនៃនារីផ្តល់កំណើតកូនឡើងដល់៣០ឆ្នាំ ក្នុងឆ្នាំ២០១០។ ក្នុងឆ្នាំ២០១០ ដែរ ចំនួនអ្នកស្លាប់នៅប្រទេសបារាំងមាន៥៤៥.០០០នាក់ មានទាបជាងខ្លាំង បើប្រៀបធៀបទៅនឹងចំនួនអ្នកស្លាប់ក្នុងឆ្នាំ ២០០៩ ជាឆ្នាំប៉ះពាល់ខ្លាំងដោយជំងឺគ្រុនផ្តាសាយ A/H1N1 ពិសេសក្នុងខែមករា ។ អាយុកាលមធ្យមមានការកើន៤ខែទៀតសំរាប់នារី (៨៤,៨ឆ្នាំ)ក៏ដូចជាសំរាប់បុរស (៧៨,១ឆ្នាំ)។ អាយុកាលមធ្យមរបស់នារីបារាំងមានខ្ពស់ជាងអាយុកាលមធ្យមរបស់នារីអឺរ៉ុបដទៃៗទៀត (៨២,៦ឆ្នាំ) ។ មានតែនារីអេស្ប៉ាញតែដែលមានអាយុកាលមធ្យមខ្ពស់ជាងគេ ។# ចំណែកអាយុរៀបការបន្តកើនឡើងដល់២៩,៨ឆ្នាំ សំរាប់នារី និង៣១,៧ឆ្នាំ សំរាប់បុរសគិតជាមធ្យម ៕