ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលស៊ីដាច់ ម៉ូតូមិត្ដភ័ក្ដិរបស់ខ្លួន យកទៅបញ្ចាំបាន លុយចំនួន២០០ដុល្លារ ត្រូវបានជនរងគ្រោះ តាមរក ហើយឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច យកទៅចាត់ការតាមផ្លូវច្បាប់ ។
ការឃាត់ខ្លួនមិត្ដទុរយសរបស់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច ក្រោយពីស៊ីដាច់ម៉ូតូ យកទៅបញ្ចាំខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៣ ស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ ។
យោងតាមរបាយការណ៍ របស់នគរបាល មូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ឯក ជីវ័ន្ដ អាយុ ២៣ ឆ្នាំ មុខ របរជាព្រូរថយន្ដ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រីឯជន រងគ្រោះ ឈ្មោះ តុប ចាន់ធឿន អាយុ ២៣ ឆ្នាំ មានស្រុកកំណើត នៅស្រុកសំរោង ខេត្ដ តាកែវ មុខរបរ ជាកសិករ ។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ កន្លងទៅ ជនរងគ្រោះបានជិះម៉ូតូមកពី ស្រុកកំណើតរបស់ខ្លួន ក្នុងគោលបំណងមក លេងផ្ទះជនសង្ស័យដែលជាមិត្ដភ័ក្ដិ នៅ រាជធានីភ្នំពេញ ។ បន្ទាប់មកពួកគេទាំង ២ នាក់ បាននាំគ្នាជិះម៉ូតូដើរលេង ដោយជន សង្ស័យជាអ្នកឌុប លុះពេលឌុបទៅដល់ ចំណុចកើតហេតុ ជនរងគ្រោះបានឱ្យជន សង្ស័យឈប់ ដោយខ្លួនទៅបបួលមិត្ដភ័ក្ដិ ម្នាក់ទៀត ។
សមត្ថកិច្ចបានបន្ដថា ខណៈ ដែលជនរងគ្រោះ ចុះទៅហៅមិត្ដភ័ក្ដិម្នាក់ ទៀតនោះ ស្រាប់តែជនសង្ស័យក៏ជិះម៉ូតូ គេចបាត់ លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៣ ជនរងគ្រោះបានជិះម៉ូតូដើររកជន សង្ស័យ ហើយក៏បានឃើញ នៅម្ដុំផ្ទះ សំណាក់ស្ទឹងមានជ័យពេលនោះជនសង្ស័យ ប្រាប់ថា ឱ្យខ្លួនយកលុយចំនួន ២០០ដុល្លារ ទៅលួសម៉ូតូ ដែលយកទៅបញ្ចាំនៅម្ដុំ ឃ្លាំងរំសេវ ។ ក្រោយពីដឹងថា មិត្ដភ័ក្ដិ របស់ខ្លួន យកម៉ូតូទៅបញ្ចាំហើយនោះជន រងគ្រោះនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ បានយកលុយទៅលួសម៉ូតូមកវិញ ហើយ បន្ទាប់មក ក៏ដើររកជនសង្ស័យបន្ដទៀត លុះនៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២៥ ខែ មិថុនា ក៏ប្រទះឃើញជនសង្ស័យរូបនេះ ស្ថិតនៅមុខ ផ្ទះសំណាក់រុងរឿង រួចហើយក៏ ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាល ខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕


ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល