មនុស្សប្រមាណជាជាង ២០,០០០នាក់ មកពីជុំវិញពិភពលោក បាននាំចូលរួមពិធីបុណ្យគប់ផ្លែប៉េងប៉ោះប្រចាំឆ្នាំ នៅប្រទេស អេស្ប៉ាញ ដែលជាពិធីបុណ្យមួយក្នុងចំណោម ពិធីបុណ្យចម្លែកៗ នៅអឺរ៉ុប។

/ពិធីបុណ្យគប់ផ្លែប៉េងប៉ោះប្រចាំឆ្នាំ ដែលមានឈ្មោះថា Tomatina បានត្រូវប្រារព្ធឡើង ដោយប្រើប្រាស់ផ្លែប៉េងប៉ោះរហូតដល់ជាង ១៣០តោន។ បើទោះជាមានព្យុះភ្លៀងខ្លាំង ប៉ុន្ដែ ពិធីបុណ្យ នេះទាក់ទាញមនុស្សចូលរួមបានយ៉ាងច្រើន នៅទីលាន Plaza Mayor ក្នុងតំបន់ Bunol ភាគខាងត្បូងប្រទេសអេស្ប៉ាញ។ អ្នកដែលបានចូលរួមពិធីបុណ្យ Tomatina នេះ ក្រៅពីប្រជាជនអេស្ប៉ាញ ក៏មានការចូលរួមពីមនុស្សមកពីជុំវិញពិភពលោក ប៉ុន្ដែច្រើនបំផុតគឺភ្ញៀវទេសចរណ៍មកពីប្រទេសអូស្ដ្រាលី ជប៉ុន និងអង់គ្លេស។ ប្រភពដែលនាំឱ្យកើតពិធីបុណ្យចម្លែកនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ ប៉ុន្ដែមនុស្សជាច្រើនអះអាងថា វាបានចាប់ផ្ដើមឡើងពីល្បែងកំសាន្ដមួយរបស់ក្មេងៗ កាលពីពាក់កណ្ដាលទសវត្សទី ៤ នៃសហស្សវត្សមុន។

/ប៉េងប៉ោះជាង ១៣០តោន ត្រូវបានគេប្រើប្រាស់ ដើម្បីបង្កើតជា “ទន្លេក្រហម” នៅលើដងផ្លូវនានាក្នុងក្រុងនៃប្រទេសអេស្ប៉ាញ ក្នុងនោះប៉េងប៉ោះជាច្រើនតោនក៏ត្រូវបានគេកិនទៅជាទឹក និងប្រើប្រាស់ទូយូធំៗ បាញ់ចេញដូចទឹកជ្រោះ។គួរបញ្ជាក់ថា នេះគឺជាពិធីបុណ្យមួយដែលមានភាពគគ្រឹកគគ្រេង និងមានមនុស្សចូលរួមច្រើនបំផុតនៅអេស្ប៉ាញ និងនៅអឺរ៉ុប យ៉ាងនេះក្ដី ពិធីបុណ្យគប់ប៉េងប៉ោះនេះ ត្រូវបានគេវាយតម្លៃថា មានសុវត្ថិភាពជាង បើធៀបនឹងពិធីបុណ្យរត់ជាមួយគោជល់ ដូច្នេះវាក៏មានការចូលរួមច្រើនពីភ្ញៀវទេសចរណ៍អន្ដរជាតិ៕

ដោយ ៖ តារាប្រភព ៖ Youtube/IBTimes