ភ្នំពេញ៖ មន្រ្តីការិយាល័យ នៃនាយកដ្ឋានសណ្តាប់ធ្នាប់ បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្សស្លាប់ចំនួន ៤៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១០៧នាក់ដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកក្នុងរយៈពេល៤ថ្ងៃនៃបុណ្យចូលឆ្នាំចិន-វៀតណាម ដែលបានប្រព្រឹត្តឡើង ចាប់តាំងពីថ្ងៃទី៩ដល់ថ្ងៃទី១២នោះ។
លោកវរៈសេនីយ៍ទោ សុខ នុប នាយការិយាល័យនីតិវិធី នៃនាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ដើមអម្ពិល តាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៣នេះថា ករណី នៃគ្រោះថ្នាក់ចរាចណ៍ក្នុងកំឡុងពេលចូលឆ្នាំចិន-វៀតណាម ក្នុងឆ្នាំ២០១៣នេះ គឺមានការថយចុះមួយករណី បើប្រៀបធៀបនឹងឆ្នាំ ទៅក៏ប៉ុន្តែអ្នកស្លាប់មានការកើនឡើង ទៅវិញគឺរហូត ដល់១៩នាក់ឯណោះ។
លោកវរៈសេនីយ៍ទោ សុខ នុប បានបញ្ជាក់ទៀតថា អ្នករងរបួសវិញគឺមានការថយចុះ គឺក្នុងឆ្នាំ២០១៣នេះ គឺអ្នករបួសធ្ងន់មាន ចំនួន៩៧នាក់ដែលឆ្នាំទៅ មានចំនូន១០៧នាក់ ពោល គឺថយចុះចំនួន១០នាក់ រងរបួសស្រាលចំនួន៦៨នាក់ ដែលកាលពីឆ្នាំ ទៅគឺ មានចំនួន៦៩នាក់គឺមានការថយចុះមួយនាក់។
រីឯការខូចខាតយានយន្តវិញ លោកវរៈសេនីយ៍ទោ បានបញ្ជាក់ទៀតថា ម៉ូតូបានខូចខាតអស់១២៥គ្រឿង ក្នុងឆ្នាំ២០១៣ ដែលកាលពីឆ្នាំទៅចំនួន១២៤គ្រឿងគឺមានការកើនឡើងចំនួនមួយគ្រឿង រថយន្តតូចចំនួន២៩គ្រឿង ក្នុងឆ្នាំ២០១៣នេះ ដែលកាលពីឆ្នាំទៅគឺមានចំនួន៣៣គ្រឿង គឺមានការថយចុះចំនួន៤គ្រឿង។ បើតាមលោកវរៈសេនីយ៍ទោ មូលហេតុដែលបានបណ្តាលឲ្យពួកគេមានគ្រោះថ្នាក់បែបនេះគឺដោយសារតែបើកហួសល្បឿន និងគ្រឿងស្រវឹងជាដើម។ លោកបន្តថា ការបើកបរលើសល្បឿនដែលកំណត់នោះគឺមានរហូតដល់៤៩លើក ហើយស្រវឹង មានចំនួន១២លើក មិនគោរពច្បាប់អាទិភាពចំនួន១២លើក បើកបរប្រជែង កាច់ឡើងកាច់ចុះនោះចំនួន៩លើក មិនប្រកាន់ ស្តាំ៧លើក និងការបើកបរបត់ឆ្វេងបត់ស្តាំខ្វះការប្រុងប្រយ័ត្ននោះចំនួនបីលើកហើយដោយសារកត្តាយានយន្តនោះមួយលើក។
លោកវរៈសេនីយ៍ទោ បានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានបណ្តាលឲ្យស្លាប់ច្រើន ជាងគេនោះគឺករណី ដែលរថយន្តកាមរីក្រឡាប់ បណ្តាលឲ្យឆេះរថយន្ត ស្លាប់ភ្លាមរហូតដល់ប្រាំមួយនាក់ឯណោះ នៅខេត្តព្រះសីហនុ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល