(សិង្ហបុរី)៖ ការវាយប្រហារ​បានកើតឡើង​នៅឯស្ពាន Westminster Bridge ស្ថិតនៅក្បែរ​សភាអង់គ្លេស កាលពីថ្ងៃពុធគឺជាស្រមោលអន្ទោលតាមប្រាណ រំលឹកយើងឱ្យកាន់តែច្បាស់ពីវត្តមាននៃការគំរាមកំហែង ដោយពួកភេរវករនៅទូទាំងពិភពលោក និងចាំបាច់បំផុតត្រូវមានការប្រុងប្រយ័ត្ន ដោយត្រៀមខ្លួនទុកមុន។ នេះបើតាមរដ្ឋមន្ត្រីមហាផ្ទៃសិង្ហបុរី លោក K Shanmugam ដកស្រង់ដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

/

/

លោក K Shanmugam បានសរសេរ​នៅលើ Facebook ​របស់​លោកយ៉ាងដូច្នេះថា «ការវាយប្រហារ​ដ៏គួរឱ្យរន្ធត់ និងគិតទុក​ជាមុននេះ​គឺជាការវាយប្រហារចំ​បេះដូង​ប្រជាធិបតេយ្យ និងអាយុជីវិត​ប្រជាជន​អង់គ្លេស ហើយយើង​សូមបន់ស្រន់​ជាមួយប្រជាជន​អង់គ្លេស។ ក៏ប៉ុន្តែទន្ទឹមគ្នា​នោះដែរ​យើងត្រូវតែ​មានការប្រុងប្រយ័ត្ន និងធ្វើការងាររួមគ្នា​ដើម្បីប្រឈមមុខ​នឹង​ការវាយប្រហារ​របៀបនេះ ក៏ដូចជាប្រឆាំង​នឹងអ្នកដែលចង់​លួចសន្តិសុខ និងសន្តិភាព​ពីពួកយើង»។

/

គួរបញ្ជាក់ថាបើតាមប៉ូលិសអង់គ្លេស មនុស្ស០៤នាក់ ក្នុងនោះរួមមានប៉ូលិសម្នាក់ និងជនដៃដល់ បានស្លាប់នៅក្នុងការវាយប្រហារភេរវកម្មដោយកាំបិត និងបើករថយន្ដ​បំបុក ខណៈមនុស្ស​៤០នាក់ផ្សេង​ទៀតបានរងរបួសនៅពីមុខរដ្ឋសភានៃចក្រភពលេខ១នៅអឺរ៉ុបនោះ៕

/