បន្ទាប់ពីបានហែក (hack) និងគ្រប់គ្រងគណនី Twitter របស់នាយករដ្ឋមន្ដ្រីរុស្ស៊ី ជនល្មើស ដែលមានបំណងមិនល្អ បានបង្ហោះពាក្យមួយឃ្លា ដែលមានខ្លឹមសារថា នាយករដ្ឋមន្ដ្រីរុស្ស៊ី នឹងចុះចេញពីតំណែង។

/

ព័ត៌មានមួយ ក្នុងចំណោមដំណឹងលេចធ្លោជាងគេ កាលពីផ្សិលមិញ នោះគឺ បញ្ហាទាក់ទិននឹងការសង្ស័យថា គណនី Twiiter របស់នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Medvedev ទើបត្រូវបានគេហែកចូលកាន់កាប់។ មូលហេតុដែលនាំឱ្យមានការសង្ស័យដូច្នេះ ព្រោះថា ទំព័រ Twiiter របស់ លោក Medvedev ដែលមានអាសយដ្ឋាន @MedvedevRussia ទើបតែបានបង្ហោះពាក្យមួយឃ្លា ដែលមានខ្លឹមសារថា ៖ “ខ្ញុំនឹងចុះចេញពីតំណែង។ ខ្ញុំមានអារម្មណ៍ថា ខ្មាស់ខ្លួនឯងខ្លាំងណាស់ ដោយសារតែទង្វើរបស់រដ្ឋាភិបាល។ សូមអភ័យទោសដល់ខ្ញុំ”។

ភាពប្រាកដនិយមរបស់ឃ្លាខាងលើនេះ ត្រូវបានមនុស្សជាច្រើនសង្ស័យ ព្រោះថា ជាធម្មតា ការបញ្ចេញព័ត៌មានតាមរយៈបណ្ដាញសង្គម មិនមែនជាទម្លាប់របស់មេដឹកនាំរុស្ស៊ី។

គួររំលឹកថា មុននេះ នៅក្នុងទស្សនកិច្ចមួយ ទៅកាន់ការិយាល័យកណ្ដាលរបស់បណ្ដាញសង្គម Twiiter នៅជ្រលង Sillicon សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ដ្រីរុស្ស៊ី Medvedev ត្រូវបានបុគ្គលិករបស់ Twiiter បង្កើតគណនីពិសេសមួយសម្រាប់លោក គណនីនេះ មានអាសយដ្ឋាន @MedvedevRussia ។

គណនី @MedvedevRussia ត្រូវបានបន្ថែមសញ្ញាពណ៌បៃតងនៅចំហៀងមួយនៃទំព័រ ដើម្បីទទួលស្គាល់ និងចំណាំថា នេះគឺជាគណនីពិតរបស់រដ្ឋាភិបាលរុស្ស៊ី។ ចាប់ពីពេលនោះមក គណនីនេះ ក៏ត្រូវបានក្រុមជំនួយការរបស់លោក Medvedev គ្រប់គ្រង និងប្រើប្រាស់ជាភាសារុស្ស៊ី ក្នុងបំណងបញ្ជូនសារនានារបស់នាយករដ្ឋមន្ដ្រីនេះ ទៅកាន់ពិភពលោក។

/

/

ព័ត៌មានដែលទាក់ទិននឹងករណីដែលថា គណនី Twitter នាយករដ្ឋមន្ដ្រីរុស្ស៊ី Medvedev ត្រូវគេហែក ក៏ត្រូវបានបណ្ដាទំព័រសារព័ត៌មានធំៗក្នុងពិភពលោក ទទួលស្គាល់ និងចុះផ្សាយ ក្នុងនោះ មានដូចជា ទំព័រ The Interpreter ឬ Financial Times ។ល។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNBC/Newslocker