តូរ៉ុនតូ៖ ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង បានធ្លាក់នៅខេត្ត អនតារីយ៉ូ ប្រទេស កាណាដា កាលពីព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា បណ្តាលឲ្យអាកាសយានិកពីរនាក់ និងជំនួយការវេជ្ជបណ្ឌិតពីររូប ដែលនៅលើឧទ្ធម្ភាគចក្រ នោះស្លាប់ទំាងអស់។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រុមអ្នកផ្តល់សេវាជួយសង្គ្រោះ តាមអាកាសនៃខេត្ត អនតារីយ៉ូ និងសេវាកម្មផ្នែកទំនាក់ទំនង បានបញ្ជាក់ថា បានទាក់ទងជាមួយភ្នាក់ងារ នៃឧទ្ធម្ភាគចក្រប្រភេទ Sikorsky S៧៦ ហើយបានបាត់បង់ ការទាក់ទងប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីឧទ្ធម្ភាគចក្រនោះ ហោះហើរចេញពីមូលដ្ឋាន មូសុននី កាលពីពាក់កណ្តាលអាធ្រាត ថ្ងៃព្រហស្បតិ៍។
អ្នកផ្តល់សេវាជំនួយ សង្គ្រោះតាមអាកាស បាននិយាយក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា អ្នកជិះនៅលើឧទ្ធម្ភាគចក្រ ទំាងអស់ចំនួនបួននាក់ស្លាប់ នៅក្នុងឧប្បតិហេតុធ្លាក់នោះ ប៉ុន្តែឧទ្ធម្ភាគចក្រដែលធ្លាក់នោះ មិនបានដឹកអ្នកជម្ងឺនោះទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ បានឲ្យដឹងទៀតថា ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ បានហោះហើរទៅកាន់ តំបន់សហគមន៍ជាតិមួយ ដើម្បីទៅយកអ្នកជម្ងឺម្នាក់ ប៉ុន្តែជាអកុសល បានធ្លាក់នៅឈូងសមុទ្រ ជេម បាយ ភាគខាងជើង ខេត្ត អនតារីយ៉ូតែម្តងទៅ។
ជាមួយនឹងការធ្លាក់នេះដែរ អភិបាលខេត្ត អនតារីយ៉ូ លោកស្រី ខេតលីន វ៉េននី ក៏បានសម្តែងនូវមរណទុក្ខផងដែរ ចំពោះការស្លាប់អាកាសយានិក និងជំនួយការវេជ្ជបណ្ឌិតនេះ ដោយលោកស្រីនិយាយថា ការបាត់បង់ជីវិតរបស់ពួកគេ ដើម្បីធ្វើឲ្យប្រាកដប្រជាសម្រាប់ ប្រជាជននៅក្នុងខេត្តនេះ ដើម្បីទទួលបានជំនួយ ដែលពួកគេត្រូវការ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល