ភ្នំពេញៈ មនុស្សវ័យចំណាស់ពីរនាក់ ជិះរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ៤៥០ ក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះគ្នាពីរនាក់ប៉ើងទៅផ្ទប់ ជញ្ជាំងរបង របួសធ្ងន់ម្នាក់ បាក់ជើងម្ខាង និងបែកក្បាលខាងក្រោយ ផ្នែកខាងស្តាំ និងម្នាក់ទៀត របួសធ្ងន់សន្លប់ឈឹង រីឯរថយន្តវិញ បន្ទាប់ពីបុកម៉ូតូជនរងគ្រោះ ទាំងពីររួចហើយ បានព្យាយាមបើករត់គេចប្រហែលជាង១គីឡូម៉ែត្រ ទោះបីមន្ត្រីនគរបាលដើរល្បាត តាមគោះទ្វាររថយន្តយ៉ាងណាក៏ដោយ ក៏មិនឈប់ដែរ រហូតដល់យករថយន្តមកកាក់ផ្លូវ ទើបឈប់  ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃ ទី១១ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុងភូមិត្រពាំងថ្លឹង ទៅវត្តអង្គតាមិញ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ា ដារ៉ូ ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាជាងផ្សារដែក នៅម្តុំអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យសន្លប់ធំ និងម្នាក់ទៀត មានឈ្មោះ សុខ សុភក្តិ ភេទប្រុស អាយុ ២២ឆ្នាំ រងរបួសបាក់ស្មង់ជើងខាងឆ្វេង និងបែកក្បាលខាង ក្រោយ ផ្នែកខាងស្តាំ អ្នកទាំងពីមានស្រុកកំណើត នៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ក្រហមលាយទឹកប្រាក់ គ្មានស្លាកលេខ ជិះក្នុងទិសដៅពីជើងទៅត្បូង ច្រាស់ទិសជាមួយរថយន្តជនរងគ្រោះទាំងពីរ បន្ទាប់ពីកើតហេតុត្រូវក្រុមរថយន្តសង្គ្រោះ របស់អង្គភាព លេខ៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសមៈហៅមន្ទីរពេទ្យលោកសង្ឃ។ ចំណែកឯរថយន្ត ដែលបុកគេទាំងកំរោលនោះ ម៉ាកឡង់គ្រីស័រ ៤៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2D-5741 ជិះគ្នាពីរនាក់ ពុំត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ។

បច្ចុប្បន្នជនរងគ្រោះទាំងពីរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃចំណែកឯជនបង្កនិងវត្ថុតាង ត្រូវបានបញ្ជូនទៅ ស្នងការ ដ្ឋានគរបាលចរាចរជើងគោក រាជធានីភ្នំពេញ៕

/

/

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល