ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស២៦នាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលជាច្រើននាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ក្រោយពីរថយន្តប៊ើសមួយជួបនឹងឧបទ្ទេវហេតុបុកគ្នា នៅឯប្រទេសអាហ្រ្វិកខាងត្បូង ពោលគឺ ចម្ងាយ ៦០ ម៉ាយ ភាគខាងកើតក្រុង Pretoria ។
បន្ថែមពីលើនេះ បើតាមការអោយដឹងពីអ្នកនាំពាក្យរដ្ឋាភិបាលប្រទេសនេះបានគូសបញ្ជាក់អោយដឹងថា មូលហេតុដែលបានបណ្តាលអោយមានគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ក៏ព្រោះតែបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ រថយន្តប៊ើសសាកកម្លាំងជាមួយរថយន្តដឹកទំនិញមួយផ្សេងទៀត។ យ៉ាងណាមិញ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្នុងតំបន់ក្បែរនោះដើម្បីធ្វើការសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ផងដែរថា លោក Joseph Mabuza ជាអ្នកនាំពាក្យអោយនាយកដ្ឋានសុវត្ថិភាពសាធារណៈខេត្ត អះអាងអោយដឹងថា ក្រោយពីកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ មនុស្ស ២៦ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១១ នាក់ទទួលរងរបួសធ្ងន់និង ១២ នាក់ផ្សេងទៀតរងរបួសស្រាល ។ គាត់បានបន្ថែមថា មូលហេតុដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយរន្ធត់មួយនេះ ក៏ព្រោះតែបុរសជាអ្នកបើកឡានដឹកទំនិញ បានព្យាយាមបើកគេចពីរថយន្តមួយគ្រឿងដែលចតនៅស្ងៀម រួចក៏ស្ទុះទៅបុករថយន្តក្រុងដែលធ្វើដំណើរមកពីមុខពេញមួយទំហឹងតែម្តង ៕
ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ