ការពិសោធន៍កាលពីពេលថ្មីៗនេះ បានធ្វើឲ្យយើងបានឃើញ ពីល្បឿនដ៏លឿនអស្ចារ្យរបស់ iPhone 5S បើប្រៀបជាមួយ iPhone ជំនាន់មុន ក៏ដូចជាបណ្តាផលិតផល Android ដែលមានរូបសណ្ឋាន Hardware ខ្ពស់ៗ នៅលើទីផ្សារ ថែមទៀតផង។
មនុស្សភាគច្រើនបានគិតថា ក្រៅតែពីបំពាក់នូវប្រព័ន្ធប្រតិបត្តិការ iOS 7 ថ្មី, មានបន្ថែមនូវពណ៌ថ្មី ជាមួយនឹង Feature Scan ក្រយៅដៃ Touch ID, iPhone 5S ហាក់ដូចជាមិនមានអ្វីថ្មីឡើយ បើប្រៀបជាមួយ iPhone 5។ ជាក់ស្តែង មិនមែនមានត្រឹមតែប៉ុណ្ណឹងទេ ក្រៅតែពីបណ្តាចំនុចខាងលើ iPhone 5Sសំរាប់ពេលបច្ចុប្បន្ននេះ កំពុងតែជាស្មាតហ្វូនមួយ ដែលល្បឿនលឿនជាងគេបំផុត លើពិភពលោក។
ល្បឿនដ៏ប្រសើរជាងមុននេះ គឺបានមកពី chip A7 64 bit ថ្មីរបស់ Apple។ បើទោះជាមានព័ត៌មានជាច្រើនបានឲ្យដឹងថា iPhone 5S មិនមានបរិមាណទំហំ RAM គ្រប់គ្រាន់សំរាប់ឲ្យ Chip A7 នេះ មានដំណើរការបានល្អនោះទេ ប៉ុន្តែជាក់ស្តែង លទ្ធផលប្រៀបធៀបថ្មីបំផុតខាងក្រោមនេះ បានបង្ហាញឲ្យឃើញថា ល្បឿនរបស់ iPhone 5S មានល្បឿនលឿនអស្ចារ្យ បើប្រៀបជាមួយ បណ្តាស្មាតហ្វូនផ្សេងៗទៀត ដែលកំពុងតែមានមុខនៅលើទីផ្សារបច្ចុប្បន្ន។
ការពិសោធន៍ថ្មីបំផុតនេះ ត្រូវបានធ្វើឡើងដោយ Anand Lal Shimpi (Anand Lal Shimpi គឺជាស្ថានិកគេហទំព័របច្ចេកវិទ្យា ដ៏ល្បីឈ្មោះ Anandtech.com)។ លទ្ធផលនៃការពិសោធន៍នេះ ត្រូវបានបង្ហោះនៅលើគេហទំព័រផ្ទាល់របស់លោក។ ក្នុងនោះ Anand នៅថែមទាំងបានយក chip Intel Bay Trail FFRD និង Qualcomm MSM8974 MDP/T មកធ្វើពិសោធជាមួយ Chip A7 ទាំង chip ទាំងពីរនេះមិនមានបំពាក់នៅក្នុង ស្មាតហ្វូនណាមួយផងនោះ។ ខាងក្រោមនេះ គឺជាលទ្ធផលពិសោធន៍ របស់លោក ៖