ព្យុងយ៉ាង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ ២០១៣ នេះថាមេដឹកនាំ កំពូលនៃសាធារណៈ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានអនុម័តជាផ្លូវការ ហើយទៅលើផែន ការ វាយប្រហារដោយគ្រាប់ កម្លាំងរ៉ុក្កែតយុទ្ធសាស្ត្រ ស្របពេលដែលយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-2 បាន ហោះជុំវិញតំបន់ឧបទ្វីបកូរ៉េនោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់កូរ៉េជើង KCNA ។

សារព័ត៌មានខាងលើនេះបានលើកឡើងពីសម្តីរបស់លោក គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីយោធាកំពូលៗ របស់ខ្លួននៅថ្ងៃសុក្រ នេះថា “ពេលវេលាបានមកដល់ ហើយសម្រាប់ធ្វើការឆ្លើយតបទៅកាន់ចក្រពត្តិអាមេរិក ចំពោះមុខនៃស្ថានការណ៍ ដែលកាន់តែផុយស្រួយនោះ។”

សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានអះអាងទៀតគ្រាប់រ៉ុក្កែតយុទ្ធសាស្ត្រ នឹងវាយប្រហារ ទៅលើទឹកដីអាមេរិក, កោះហាវ៉ៃ, កោះហ្គួម, និង ប្រទេសកូរ៉េខាងត្បូង ប្រសិនបើ អាមេរិកហ៊ានបង្កហេតុដ៏គឃ្លើនណាមួយទៀត នោះ។ លោក គីម បានលើកឡើងថា ជំហានរបស់អាមេរិកចុងក្រោយនេះ មិនមែនជាការពង្រាយ កម្លាំងធម្មតា នោះទេ ប៉ុន្តែវាជាពាក្យចុងក្រោយមួយដែលនឹងបង្កើតឡើងនូវសង្គ្រាមនុយក្លេអ៊ែរនៅតំបន់ឧទ្វីបកូរ៉េ ដែលមិនអាចកាត់ស្មានពីទំហំបាន។

គួរបញ្ជាក់ផងដែរថាយន្តហោះទម្លាក់គ្រាប់បែក B-2 ដ៏មានអនុភាពចំនួនពីរគ្រឿង ត្រូវបានយោធាអាមេរិក បញ្ជូនទៅរក្សាសន្តិសុខនៅតំបន់ឧបទ្វីបកូរ៉េ ហើយលោករដ្ឋ មន្ត្រីការពារជាតិអាមេរិក ឆាក់ ហាគែល បានបដិសេធចំពោះការចោទប្រកាន់ដែលថា ការបញ្ជូនយន្តហោះប្រភេទនេះ ជាបង្កើនភាពតានតឹងនៅក្នុងតំបន់នោះ។ ទោះបីជា យ៉ាងណាក៏ដោយ វាបានបង្ហាញថាឧបទ្វីបកូរ៉េអាចនឹងធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម គ្រប់ពេលវេលា៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល