ក្រុមបាតុករអាវ​ក្រហម​នៅ​ថ្ងៃទី​៩ មករា ​បានប្រមូលផ្តុំគ្នា​តាម​ការ​គ្រោងទុក​របស់ពួកគេ ក្នុងទ្រង់ទ្រាយ​​ធំបំផុតមួយ​ ដើម្បី​ស្វែងរក​យុត្តិ​ធម៌​​សំរាប់មេដឹកនាំ​​របស់ពួកគេ និង​ទាមទារ​ឱ្យ​ដោះលែង​​មេដឹកនាំ​​ទាំងនោះដែល ត្រូវឃុំ​ខ្លួន​​ចាប់​តាំង​ពី​បញ្ចប់​​ការធ្វើបាតុកម្ម​​ប្រឆាំង​លោក​អាប់ភី​ស៊ីត កាលពីខែ​ឧសភា ​ឆ្នាំ​២០១០ កន្លង​មក ។#ក្រុមអាវ​ក្រហម​បានចាប់ផ្តើម​​​ប្រមូល​ផ្តុំ​គ្នា​​នៅ​​វេលាម៉ោង​​៧​ព្រឹក​​នៅ​ស្ពាន​​ផានហ្វា ដើម្បី​​ត្រៀម​សំរាប់ការប្រមូល​ផ្តុំ​​ទ្រង់ទ្រាយ​ធំ​​នៅ​តំបន់​​ពាណិជ្ជកម្ម​​រាជប្រាសុង ក្នុង​ទីក្រុង​​បាងកក ជា​កន្លែង​​នៃការធ្វើបាតុកម្មរបស់​ពួក​គេនា​ពេល​​កន្លង​មក ។#ទាក់ទិន​នឹង​ការ​​ប្រមូលផ្តុំ​នេះរបស់​ក្រុម​អាវ​ក្រហម​​ លោកស្រី​ Thida Thawornseth ជា​មេ​ដឹកនាំ​​​ក្រុម​អាវក្រហម​​ឱ្យ​​ដឹង​ថា ក្នុង​ការប្រមូល​ផ្តុំ​​​លើកចុងក្រោយ​​នេះ​នឹង​មាន​មនុស្ស​​៦០.០០០​នាក់ ចូលរួម ដើម្បី​​ទាមទារ​ឱ្យ​​ដោះលែង​​មេដឹក​នាំ​អាវ​ក្រហម​​មួយ​ចំនួន ។ ចំណែក​លោកចា​ទុ​ផន ព្រំផាន់ ជា​មេដឹកនាំ​​ក្រុមអាវក្រហមមួយរូប​ផងដែរ​ថ្លែង​ថា ​រូបលោក​​នឹងចូលរួមក្នុងការ​ប្រមូល​ផ្តុំ​នេះដែរ បើទោះបីជា​លោកត្រូវ​តុលាការ​​ហាម​មិន​ឱ្យ​ចូល​រួម​ក៏ដោយ ។#នៅ​​វេលាម៉ោង​​៤ល្ងាច​ថ្ងៃ​​ដដែល​​ក្រុមអាវ​ក្រហម​​​​នឹង​ហែ​ក្បួន​ទៅកាន់​តំបន់​រាជ​ប្រាសុង ដែល​នៅទីនោះ​ពួកគេ​នឹង​អុជ​ទៀន ដើម្បី​រំលឹក​​ដល់​​ពួក​បាតុករ​អាវ​ក្រហម​ដែលត្រូវ​​សំលាប់​នៅ​ក្នុង​​ការបង្ក្រាប​​ដោយហិង្សា​​អំឡុង​ពេល ​នៃ​ការ​ធ្វើបាតុកម្ម​ប្រឆាំង​​លោកអាប់ភីស៊ីត កាល​ពី​ខែ​ឧសភា​កន្លងមក ។ ក្រុមអាវ​ក្រហម​នឹង​បំបែក​​គ្នា​វិញ​​នៅម៉ោង​​៨​យប់ ។​#ដោយឡែក​​ក្នុងអំឡុងពេលនៃការប្រមូល​ផ្តុំ​​​គ្នា​លើ​ក​ចុងក្រោយ​​របស់ក្រុមអាវ​ក្រហម​នេះ ប៉ូលិស​​ជាង​១.០០០​នាក់ ​ត្រូវបាន​ដាក់​ពង្រាយ​នៅ​កន្លែងនានាតាម​ផ្លូវ​​ឆ្ពោះ​ទៅ​តំបន់​​រាជប្រា​សុង៕