ភ្នំពេញ ៖ បុរសអ្នកដើរយក ភាស៊ីថ្លៃ ចំណតរថយន្តម្នាក់ បានធ្លាក់ពីលើផ្ទះជួលជាន់ ទី៣បាក់ ក ស្លាប់ កាលពីវេលា ម៉ោង ៤ និង១០នាទី ទៀបភ្លឺ ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០១៣ ស្ថិតនៅផ្ទះលេខ១៤៥អឺ៣ ផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលករណីនេះ សង្ស័យអាចបណ្តាលមក ពីជនរងគ្រោះស្រវឹងស្រា។

បុរសរងគ្រោះឈ្មោះ ជា សុទ្ឋថា អាយុ៣០ឆ្នាំ ស្នាក់នៅជាន់ទី៣ ផ្ទះលេខ១៤៣ ផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើត នៅភូមិវាលយន្ត ឃុំវាលយន្ត ស្រុកស្វាយរៀង ខេត្តស្វាយរៀង មុខរបរជាអ្នកដើរ យកភាស៊ី នៃក្រុមហ៊ុន ម៉ាឡេស៊ី។

សាក្សីបាននិយាយថា នៅម៉ោង ៧យប់ ជនរងគ្រោះ រួមជាមួយ មិត្តភក្តិ ៤-៥នាក់ បាននាំគ្នាផឹកស៊ី រហូតដល់ ម៉ោង១០ និង៣០នាទីយប់ ទើបនាំគ្នាឈប់ និងបានរកកន្លែង ដេករៀងៗខ្លួន ។ ចំណែកជនរងគ្រោះ ក៏បានចូលឡើង ទៅដេកនៅ បន្ទប់របស់ខ្លួន នៅជាន់ទី៣ ផងដែង។ លុះវេលាទៀបភ្លឺ ក៏មានការភ្ញាក់ផ្អើល កើតឡើងថា មានមនុស្សស្លាប់នោះ។

តាមសាក្សីពីស្រ្តីម្នាក់ បាននិយាយថា នៅវេលាម៉ោង៤ទៀបភ្លឺ ពេលខ្ញុំក្រោក ដើម្បីដាំបាយ លក់ពេលព្រឹក ក៏ស្រាប់តែ ប្រទះឃើញជនរងគ្រោះ ហើយក៏ភ្ញាក់ផ្អើល និងបានរត់ទៅ ប្រាប់ម្ចាស់ផ្ទះ ដែលជនរងគ្រោះជួលស្នាក់។

ក្រោយពីទទួលសេចក្តីរាយ ការណ៍នៃ ហេតុការណ៍កើត ឡើង សមត្ថកិច្ចមូលដ្ឋាន បានទៅពិនិត្យមើល សពជនរងគ្រោះ និងបានប្រគល់សព ឲ្យក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមសាសនា នៅស្រុក កំណើត ខេត្តស្វាយរៀង៕

/

/

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល