ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ម្យុងបាក់ ថ្លែងកាលពីថ្ងៃទី១៥ មករា ថា បញ្ហាកម្មវិធីចំរាញ់អ៊ុយរ៉ានីញ៉ូមរបស់កូរ៉េខាងជើង គួរតែនាំយកទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ នាយខុទ្ទកាល័យប្រធានាធិបតី លោក Cheong Wa Dae ថ្លែងថា លោកលី ម្យុងបាក់ ថ្លែងដូច្នេះនៅពេលលោកជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Seiji Maehara ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ៕#ក្នុងជំនួបពិភាក្សានេះ លោកប្រធានាធិបតីលី ម្យុងបាក់ និងលោក Maehara បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ស្តីអំពីបញ្ហាទាក់ទងទៅនឹងកូរ៉េខាងជើង និងបញ្ហាទំនាក់ទំនងរវាងក្រុងសេអ៊ូល និងក្រុងតូក្យូ ។ ក្នុងឱកាសនោះដែរ លោក Maehara ថ្លែងថា ជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះគោលជំហរបស់ក្រុងសេអ៊ូល ។#លោកលី ម្យុងបាក់ និងលោក Maehara បានឯកភាពគ្នាថា សារសំខាន់សំរាប់កូរ៉េខាងជើង គឺត្រូវផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ ប្រសិនបើចង់បន្តការចរចា៦ភាគី ។ នេះបើតាមការឱ្យដឹងដោយលោក Cheong Wa Dae ។#ជាមួយគ្នានេះដែរ លោកលី ម្យុងបាក់ និងលោក Maehara ក៏បានសន្យាថា នឹងបន្តទំនាក់ទំនងប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំង២ (កូរ៉េខាងត្បូង-ជប៉ុន) ជាមួយនឹងសហរដ្ឋអាមេរិក ។ ក្នុងឱកាសនៃជំនួបពិភាក្សានោះដែរ លោក Maehara បានពាំនាំការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកណាអូតូ កាន សូមឱ្យលោកប្រធានាធិបតីលី ម្យុងបាក់ ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ។ លោកលី ម្យុងបាក់ បានទទួលយកការអញ្ជើញនោះ ហើយថ្លែងថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនោះនឹងត្រូវពិភាក្សាគ្នាដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកូរ៉េខាងត្បូង ៕