នៅវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២នេះ នៅចំណុចបរិវេនបូរីពិភពថ្មី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចោរប្លន់២នាក់ជិះម៉ូតូប្រដាប់ដោយអាវុធខ្លីមួយម៉ាក K54 បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ប្លន់យកមាសទៅបាត់ដោយសុវត្ថិភាព។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើប្លន់ខាងលើនេះ បុរសជាប្ដីមានឈ្មោះ សាន ឡា អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ជីម សុខេន អាយុ ៣៣ឆ្នាំ ជាអ្នកលក់ប្លាទីន ប្ដូរប្រាក់ នៅផ្សារត្រពាំងថ្លឹង។ នៅពេលល្ងាចពេលបញ្ចប់ការលក់ដូរ បានប្រមូលឥវ៉ាន់ទុកបិទតូបហើយត្រឡប់ទៅផ្ទះវិញនៅបូរីពិភពថ្មី។ ពេលទៅដល់មុខផ្ទះ ក៏ត្រូវបក្ខពួក ចោរប្លន់ដែល មាន២នាក់ជិះម៉ូតូប្រដាប់ដោយអាវុធខ្លីម៉ាក K54 ធ្វើសកម្មភាពប្លន់ជនរងគ្រោះ បាញ់គំរាមពី៣ឬ ៤គ្រាប់ហើយដណ្តើមកាបូបប្រាក់-គ្រឿងអលង្ការគេចខ្លួនតែម្តង។តាមប្រភពព័ត៌មានដើមអម្ពិលបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន គ្រឿងអលង្ការប្រាក់ ១៥តម្លឹង លុយ ២.០០០ដុល្លារ លុយខ្មែរមួយចំនួន និងប្លាទីនជាច្រើនតម្លឹងទៀត។